ដោយៈ គង់ សូរិយា
ព្រះសីហនុៈ អភិបាករងខេតត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានបង្ហើបឲ្យដឹងថា សណ្ឋាគារលំដាប់ពិភពលោកចំនួនពីរ គ្រោងបើកដំណើរការនៅខេត្តព្រះសីហនុ នៅត្រីមាសទី៤ ឆ្នាំ ២០២៣។
កាលពីពេលថ្មីៗនេះ លោក ឡុង ឌីម៉ង់ បានជួបថ្នាក់ដឹកនាំសណ្ឋាគារដ៏ធំកម្រិតពិភពលោកចំនួនពីរ ដើម្បីផ្ដល់ព័ត៌មានរួមទាំងទស្សនៈវិស័យ លើវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ក៏ដូចជាផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាខេត្តពិសេសគំរូពហុបំណង។
ក្នុងជំនួបនោះ លោក ឡុង ឌីម៉ង់ បានជួបពិភាក្សានាយកចាត់ការទូទៅសណ្ឋាគារ Sofitel Phnom Penh Phokeetra និងអនាគតនាយកចាត់ការទូទៅសណ្ឋាគារ Novotel ដែលនឹងមានវត្តមាននៅខេត្តព្រះសីហនុ ក្នុងត្រីមាសទី៤ឆ្នាំនេះ។លោកអភិបាលរងខេត្តលើកឡើង ពីគោលបំណងចង់ឲ្យមានបណ្ដាញសណ្ឋាគារ លំដាប់ពិភពលោកបែបនេះ មកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន។ លោកបញ្ជាក់ថា ពេលនេះជាពេលវេលាដល់សមស្របបំផុត ដោយសារកត្តាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច របស់កម្ពុជា។
អភិបាលរងខេត្តរូបនេះបានបន្តថា រដ្ឋបាលខេត្តព្រះសីហនុត្រៀមខ្លួនជានិច្ច ក្នុងកិច្ចសហការ គាំពារដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសទាំងអស់។ខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត សម្បូរដោយធនធានធម្មជាតិ កោះ និងត្រូវបានប្រសិទ្ធនាមថា “តារារៈនាទិសនារតី”។ វិស័យទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្តទាំងមូល។
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានសណ្ឋាគារចំនួន៨០ កន្លែង កំពុងដំណើរការអាជីវកម្ម៕






