អ្នកជំនាញៈ សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅតែមានភាពប្រសើរទោះជាកម្ពុជាកំពុងរៀបចំការបោះឆ្នោត

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ទោះបីប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នីតិកាល​ទី​៧ នៅ​ថ្ងៃទី​២៣ ខែកក្កដា​ខាងមុខនេះក្តី ប៉ុន្តែព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនបានធ្វើឲ្យសកម្មភាពអាជីវកម្មនានារងផលប៉ះពាល់ធ្ងន់ធ្ងរឡើយ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា ប្រជាពលរដ្ឋ​ជាង៨​លាន​នាក់​ ក្នុងចំណោម​អ្នក​ចុះឈ្មោះ ​បោះឆ្នោត​ជាង៩,៧​លាន​នាក់ ​បានទទួល​បណ្ណ​ព័ត៌មាន​ពី​ក្រុមការងារ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​)​។

អ្នកស្រាវជ្រាវ​សេដ្ឋ​​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរី​វឌ្ឍន៍បានឱ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ ​នៅ​កម្ពុជា ​ហាក់​មាន​ភាពប្រក្រតី ​ដោយ​ពុំមាន​បញ្ហា​អសកម្ម​ណាមួយ​កើតឡើង​នា ​អំឡុងពេល​ឃោសនាបោះឆ្នោត ​ពីថ្ងៃ​ទី ​១ ខែកក្កដា​នេះឡើយ ខណៈដែល​សកម្មភាព​អាជីវកម្ម​ក៏​នៅ​ដំណើរការ ធម្មតា​ដោយ​ពុំ​មានការ​សម្រុក​ទិញ ​បង្កឱ្យមាន​ការឡើង​ថ្លៃទំនិញ​ឡើយ​។​លោក​និយាយថា​ ​ចំពោះ​ការត្រៀម​ សម្រាប់​ការបោះឆ្នោត​នេះ​យើង​សង្កេតឃើញថា រហូតមកដល់​ពេលនេះ​ គឺ​ពុំមាន​អ្វី​កើតឡើង​ដែល​រាំងស្ទះ ​ទៅដល់​សកម្មភាព​សេដ្ឋកិច្ច ឬ​ការប្រកប​របរ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ លោកបន្តថា ​យើង​ក៏​សង្កេតឃើញ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ​ក៏មាន​ការខុសប្លែក​ពី​ការបោះឆ្នោត​អាណត្តិ​មុនៗ​ផងដែរ ដែល​ពួកគាត់​តែងតែ​សម្រុក​ទៅ​ទិញ​អង្ករ មី ឬ​ម្ហូបអាហារ​ស្តុក​ទុក ​ដើម្បី​បង្ការ​ខ្លាចក្រែង​មាន​បញ្ហា​រាំងស្ទះ ​ផ្នែក​ន​យោ​បាយ​ណាមួយ​កើតឡើង​។​

ទោះជា​យ៉ាងណា​លោក​អះអាងថា​ “​ឥឡូវនេះ​ខ្ញុំ​ក៏​ឃើញថា ប្រ​ជា​ពលរដ្ឋ​ខ្លះ ​គាត់​ក៏​ត្រៀម​លុយ​ទុក​មួយចំនួន​ដែរ ប៉ុន្តែ​ពួកគាត់​មិន​ទៅ​ដក​លុយ​ពី​ធនា​​គារ​នោះទេ គឺ​គាត់​ទុក​លុយ​ដែល​បានមកពី​ប្រាក់ខែ ឬ​របរ​រកស៊ី​ប្រចាំថ្ងៃ​គាត់​ទុក​សន្សំ ​មិនសូវ​ចាយ​ច្រើន​ទេ”។លោកបមន្តថា “ដោយ​យើង​ឃើញថា​សេដ្ឋកិច្ច ​ហាក់​រាង​យឺត​បន្តិច​ដោយសារ​ពួកគាត់​មិន​ចំណាយ ​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​សេដ្ឋកិច្ច​មិន​ដើរ​នោះទេ ដោយសារតែ​ពួកគាត់​ទុក​ក្នុង   រយៈពេល​បោះឆ្នោត​”។

ជាមួយគ្នានេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment លោក Anthony Galliano បានឱ្យដឹងថា តាម​ទស្សនៈ​របស់​វិនិយោគិន ការបោះឆ្នោត​គឺជា​ប្រតិបត្តិការ​ជាធម្មតា ហើយ​មិនមាន​ការព្រួយបារម្ភ​អ្វី​សោះ​។លោក​បន្ថែមថា “កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​ច្រើន ​ចំពោះ​ដំណើរ​ការ​បោះឆ្នោត​នេះ ​ជាពិសេស​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយនេះ​ជាមួយនឹង​កំណើន​សេដ្ឋ​​កិច្ច និង​វិបុល​ភាពមិន​ធ្លាប់មាន​ពីមុន​ជាមួយនឹង​ការលុបបំបាត់​ភាពក្រីក្រ និង​កំណើន​ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​និង​មាន​សន្តិភាព និង​ស្ថិរភាព​”។​

លោក​បន្តថា ទោះ​មាន​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ខ្លះ ​ក្នុង​រយៈពេល២០ឆ្នាំនេះ​ក៏ដោយ ក៏​ជាធម្មតា​បញ្ហា​សកល​ធំៗ ដូចជា​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ២០០៨ និង​ជំងឺ​កូ​វីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​មាន​កំណត់ត្រា​ច្បាស់លាស់ ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​សារពើពន្ធ​ដោយ​ភាព​វៃឆ្លាត និង​ល្អ​បំផុត ហើយ​ងើប​ចេញពី​វិបត្តិ​ទាំងនេះ ​បាន​យ៉ាង​លឿន​។​

លោក​ថ្លែងថា “​យើង​កំពុង​សង្កេតមើល​ស្ថិរភាព និង​មានការ​កើនឡើង​នៃ​លំហូរ​ការវិនិយោគ ​នៅក្នុង​ប្រទេស​កម្ពុជា និង​មានការ​លើកឡើង​តិចតួច ឬ​ពិភាក្សា​ពី​ការបោះឆ្នោត​ ពី​សំណាក់​វិនិយោគិន​អន្តរជាតិ”​។ទោះយ៉ាងណា​ក៏មាន​ការសាកសួរ​ខ្លះ ​ពី​សារព័ត៌មាន​អន្តរជាតិ ដែល​នៅតែ​ប្រកាន់ខ្ជាប់​ភាព​អវិជ្ជមាន និង​មិន​ទទួលស្គាល់​សមិទ្ធ​​ផល​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា និង​ល្បឿន​នៃ​ការអភិវឌ្ឍ​ដ៏​អស្ចារ្យ​នៃ​ប្រទេស​នេះ​។​

លោក​បញ្ជាក់ថា “វា​ជា​ការលើក​ទឹក​ចិត្ត ​ដែល​មន្ត្រី​រដ្ឋាភិបាល​កំពុង​បង្ហាញមុខ​ ដោយផ្ទាល់​នៅ​ជាមួយ​ប្រជាជន​។ ច្បាស់​ណាស់​ព្រឹត្តិ​ការណ៍​ទាំងនេះ ​មាន​ភាពចុះ​សម្រុង​គ្នា មាន​ភាព​រីករាយ និង​វិជ្ជមាន​ ដោយ​គ្មាន​សញ្ញា​នៃ​ប្រតិកម្ម​មិនល្អ​នោះទេ”​។លោក​បាន​បន្ថែមថា “វិស័យ​ធុរកិច្ច​កំពុង​វាយតម្លៃ​ព្រឹត្តិការណ៍​នេះ​ថា ​ជាការ​បន្ត​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែលជា​លក្ខណវិនិច្ឆ័យ​ដ៏​សំខាន់​មួយ​នៃ​ការវិនិយោគ”​។​

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ ត្រូវគេ​វាយតម្លៃ​ឡើងវិញ​ថា នឹង​សម្រេចបាន​កំណើន​ក្នុងរង្វង់៥,៦​ ភាគរយ​ ដូចគ្នា​នឹង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ គឺ​ខ្ពស់ជាង​ឆ្នាំ ​២០២២ ដែល​សម្រេចបាន​កំណើន៥,២​ ភាគរយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here