ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឱ្យអគ្គរាជទូតបារាំងប្រចាំកម្ពុជា ជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំងមកលេងកម្ពុជាកាន់តែច្រើន។
សម្តេចតេជោបានអំពាវនាវបែបនេះ ក្រោយពីវិមានរំលឹកដល់យុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងចំនួន១៩៨រូប ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានសាងសង់រួចហើយសម្ពោធ ជាផ្លូវការនៅថ្ងៃសុក្រទី១៤ ខែកក្កដា ឆ្នាំ២០២៣។
-->
សម្តេចបានឲ្យដឹងថា វិមានដែលសាងសង់ឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងដែលចូលរួមក្នុងការប្រយុទ្ធ ក្នុងសម័យសង្គ្រាមលោកលើកទី១ ហើយបានពលីជីវិត គឺជាការដាស់តឿន ដល់កុលបុត្រខ្មែរគ្រប់រូប ឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសាកលនៃមនុស្សជាតិ។
សម្តេចតេជោបានស្នើឱ្យអគ្គរាជទូតបារាំង ប្រចាំកម្ពុជាជួយទាក់ទាញភ្ញៀវទេសចរជនជាតិបារាំង មកលេងកម្ពុជាកាន់តែច្រើន ដោយអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបដើម្បីគោរពវិញ្ញានក្ខន្ធ ដល់ជនជាតិបារាំង និងខ្មែរបានបូជាជីវិត ក្នុងសម័យសង្គ្រាមលោកលើកទី១។សម្តេចបានបញ្ជាក់ថា “នេះជាចំណុចល្អនៃទំនាក់ទំនងល្អរបស់យើងដែលជាផ្នែកមួយនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន”។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងថា វិមានរំលឹកវិញ្ញាណក្ខន្ធដល់អ្នកពលីជីវិត ក្នុងសម័យលោកលើកទី១ ដែលស្ថិតនៅទល់មុខស្ថានទូតបារាំង ប្រចាំកម្ពុជានេះ មានកម្ពស់១២,៣ម៉ែត្រសាងសង់ឡើងពីបេតុង ស្ពាន់ និងថ្មក្រានីត។លោកបន្តថា “វិមាននេះសាងសង់ឡើងវិញ តាមលំនាំដើមបែរមុខទៅទិសខាងកើត ដែលជាទិសមានជ័យភូមិល្អ ដោយមានទន្លេស្ថិតនៅខាងមុខផង”៕