ដោយ: គង់ លាងហួរ
បាងកក: សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) រំពឹងថា ប្រទេសថៃនឹងប្រឈមមុខនឹងការពន្យារពេលយូរ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី និងការបង្កើតរដ្ឋាភិបាលថ្មី។អ្នកជំនាញនៅសាកលវិទ្យាល័យនេះបានព្រមានថា “ប្រសិនបើកើតមានការតវ៉ាបែបអំពើហិង្សា នោះវានឹងជះផលប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលពីវិស័យទេសចរណ៍ និងGDP”។
លោក Thanavath Phonvichai ប្រធាន UTCC បានអះអាងថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ត្រូវបានចាត់ទុកជាសូចនាករដ៏សំខាន់មួយ ចំពោះការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។លោក ក៏បានលើកឡើងពីការស្ទង់មតិអាជីវកម្មនាពេលថ្មីៗនេះ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការព្រួយបារម្ភ ចំពោះការបង្កើតរដ្ឋាភិបាលថ្មី ដែលអាចពន្យារពេលក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចថ្មីផងដែរ។
លោក Thanavath បានមានប្រសាសន៍ថា “ទាំងអ្នកជំនួញ និងអ្នកប្រើប្រាស់កំពុងឃ្លាំមើលយ៉ាងដិតដល់ នូវការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មី ដែលអាចទាមទារសំឡេង នៃការបោះឆ្នោតគាំទ្រជាច្រើន”។
-->
ទន្ទឹមគ្នានេះ UTCC បានព្យាករណ៍ថា សេដ្ឋកិច្ចថៃអាចរងផលប៉ះពាល់តិចតួច ប្រសិនបើការជ្រើសរើសនាយករដ្ឋមន្ត្រី និងការបង្កើតរដ្ឋាភិបាលថ្មីកើតឡើង នៅក្នុងខែសីហា ឬខែកញ្ញាខាងមុខ។ប៉ុន្តែ ប្រសិនបើការបង្កើតរដ្ឋាភិបាលថ្មី បន្តអូសបន្លាយហួសពីខែតុលា នោះដំណើរការថវិកាអាចនឹងត្រូវពន្យារពេល ទៅដល់ត្រីមាសទីពីរឆ្នាំក្រោយ និងអាចរារាំងដល់ការពង្រីក នៃកំណើនសេដ្ឋកិច្ច។
លោក Thanavath បានបញ្ជាក់ថា “ប្រសិនបើការជ្រើសរើសនាយករដ្ឋមន្ត្រី និងការបង្កើតរដ្ឋាភិបាល ដំណើរការបានដោយរលូន និងគ្មានការតវ៉ាខ្លាំងក្លា វានឹងអាចអនុញ្ញាតឱ្យមានការអនុវត្តគំនិតផ្តួចផ្តើមវិនិយោគ នោះសេដ្ឋកិច្ចថៃអាចកើនឡើង៤% នៅឆ្នាំ២០២៣នេះ” ។
ទោះជាយ៉ាងនេះក្តី ប្រសិនបើដំណើរការជ្រើសរើស និងការបង្កើតរដ្ឋាភិបាលប្រឈមនឹងបាតុកម្មធ្ងន់ធ្ងរ ដែលធ្វើឱ្យរដ្ឋបរទេសនានាចេញសេចក្តីព្រមាន អំពីការធ្វើដំណើរនោះចំនួនភ្ញៀវទេសចរបរទេសនៅក្នុងឆមាសទី២ នៃឆ្នាំនេះអាចនឹងធ្លាក់ចុះ១០លាននាក់ និងនាំឱ្យបាត់បង់ប្រាក់ចំណូល ពីវិស័យទេសចរណ៍ចំនួន៥០០ពាន់លានបាត និងមានការថយចុះ១%នៃផលិតផលក្នុងស្រុកសរុប៕