កម្ពុជាដាក់ក្តីសង្ឃឹមខ្ពស់ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ខណៈការនាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបធ្លាក់ចុះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាបានកំណត់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) ដើម្បីជំរុញការនាំចេញទំនិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) របស់ខ្លួន។

ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ មានប្រសាសន៍ថា កម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងការនាំចេញស្បែកជើងទៅកាន់ប្រទេសចិន និងកូរ៉េខាងត្បូងចាប់តាំងពីកិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូងបានចូលជាធរមានកាលពីឆ្នាំមុន។លោកបន្តទៀតថា “មានប្រទេសជាច្រើនស្ថិតនៅក្រោមកិច្ចព្រមព្រៀង RCEPនេះ ហើយជាមួយការអនុគ្រោះពន្ធ យើងរំពឹងថា កម្ពុជានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតចំពោះផលិតផល GFT ពីបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP ទាំងនោះ”។ទីផ្សារសំខាន់ៗនាពេលបច្ចុប្បន្នសម្រាប់នាំចេញទំនិញ GFT របស់កម្ពុជាគឺអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ការអត្ថាធិប្បាយរបស់លោក លី ឃុនថៃបានកើតឡើង បន្ទាប់ពីកម្ពុជាបានកត់ត្រាការធ្លាក់ចុះស្ទើរតែមួយភាគប្រាំនៃការនាំចេញផលិតផល GFT ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២៣នេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចេញទំនិញ GFT ដែលមានតម្លៃ៥,២៦ពាន់លានដុល្លារអាមេរិក ចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំនេះ ពោលគឺធ្លាក់ចុះ១៨,៧ភាគរយពី៦,៤៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឧស្សាហកម្មទំនិញ GFT គឺជាប្រភពរកប្រាក់ចំណូលពីបរទេសដ៏ធំបំផុតសម្រាប់កម្ពុជា។  វិស័យនេះមានរោងចក្រ និងសាខាប្រហែល១.១០០កន្លែង និងមានបុគ្គលិកធ្វើការប្រហែល៧៥០.០០០នាក់ ដែលភាគច្រើនជាស្ត្រី។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP និង FTAs ទ្វេរភាគីរបស់កម្ពុជាជាមួយចិន និងកូរ៉េខាងត្បូង គឺជាអ្នករួមចំណែកដ៏សំខាន់ក្នុងការជំរុញការនាំចេញរបស់ប្រទេសកម្ពុជាយើង។លោកបានប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃអាទិត្យកន្លងទៅថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះបានផ្តល់ ហើយនឹងបន្តផ្តល់ការជំរុញដល់កំណើននៃការនាំចេញរបស់យើងក្នុងរយៈពេលវែង”

លោក ប៉ែន សុវិជាតិ បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ សម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here