អ្នកជំនាញៈតំបន់ភាគខាងកើតរាជធានីនឹងមានសក្តានុពលខ្លាំងនាពេលអនាគត

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបាននិងកំពុងមើលទៅភាគខាងកើត នៃរាជធានីភ្នំពេញ ប្រកបដោយសុទិដ្ឋិនិយមជាងមុន ដោយសារការកសាង និងត្រៀមវិនិយោគហេដ្ឋារចនាសម្ព័ន្ឋធំៗ។

អគ្គនាយកក្រុមហ៊ុនCentury21 Mekong និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៧ កក្កដានេះថា តំបន់ភាគខាងកើករាជធានីភ្នំពេញ នឹងមានសក្តានុពលខ្លាំង ដោយសារការតភ្ជាប់ លើការអភិវឌ្ឍន៍ទីក្រុងរណបកោះនរា របស់ក្រុមហ៊ុនOCIC ការសាងសង់ទីក្រុងអរិយក្សត្រ និងគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត។លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ កំពុងដំណើរការបន្តិចម្តងៗ ខណៈស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងត្រៀមសាងសង់នាពេលខាងមុខ នឹងជួយលើកកំពស់សក្តានុពលតំបន់នេះបន្ថែមទៀត”។លោកបន្តថា “លើសពីនេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏បាននិងកំពុងជួយលើកកំពស់ក្តានុពលតំបន់នេះផងដែរ”។
ទោះជាយ៉ាងណាតម្លៃដីធ្លីនៅតំបន់នេះ ស្ថិតនៅសភាពទ្រឹងដោយសារបញ្ហារបស់ពិភពលោកមួយចំនួន ដែលកំពុងប៉ះពាល់ដល់កម្ពុជានិងបណ្តាប្រទេសនានា។ នេះបើតាមការលើកឡើងរបស់លោកច្រឹក សុខនីម។

លោកបន្តថា ការសាងសង់បញ្ចប់ផ្លូវក្រវ៉ាត់ក្រុងទី៣ និងត្រៀមសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ភាគខាងកើត របស់រដ្ឋាភិបាលនាពេលអនាគត ក៏បាននិងកំពុងលើកកំពស់មុខមាត់តំបន់នេះផងដែរ។
ជាមួយគ្នានេះ លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKFA Foundationបានមានប្រសាសន៍ឲ្យដឹងផងដែរថា ហេដ្ឋារចនាសម្ព័ន្ឋបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ ពិសេសគំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ គំរោងសាងសង់ផ្លូវល្បឿនលឿន ការសាងសង់ស្ពានតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលអនាគត នឹងជម្រុញការរីកចម្រើនតំបន់នេះកាន់តែខ្លាំង។
លោកបន្តថា “គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ពិតជាបាននិងកំពុងហុចដល់ដល់ប្រជាពលរដ្ឋ តាមរយៈការរីកចម្រើនសេដ្ឋកិច្ច និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”។
ជាមួយគ្នានេះ តំបន់ផ្លូវជាតិលេខ៨ ដែលបានពង្រីកជាបួនគន្លងនៅផ្នែកខ្លះ ក៏បាននិងកំពុងហុចផល ដល់ការអភិវឌ្ឍន៍របស់វិស័យឯកជនផងដែរ។

លោកថាន់ ចាន់ណាអគ្គនាយកបុរីចាន់ណាលែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់វិហារសួគ៌ កំពុងមានការរីកចម្រើនលឿន ខណៈប្រជាពលរដ្ឋមករស់នៅតំបន់នេះ កាន់តែច្រើន ដោយសារការវិនិយោគរបស់រដ្ឋាភិបាល លើហេដ្ឋារចនាសម្ព័ន្ឋកើនឡើងជាប្រចាំ។
លោកបន្តថា “បច្ចុប្បន្នការសាងសង់បុរី កំពុងដំណើរការទៅមុខ ហើយអ្នកវិនិយោគជាច្រើនទៀត បាននិងកំពុងសម្លឹងមកកាន់តំបន់នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here