ភ្ញៀវទេសចរកម្ពុជាដែលចំណាយលុយច្រើនកំពុងសម្រុកទៅប្រទេសវៀតណាម ដើម្បីធ្វើរឿង2យ៉ាងនេះ

0

ដោយ: គង់ លាងហួរ

ហាណូយ: វៀតណាមកំពុងទទួលបានសក្ដានុពល ដ៏ធំពីលំហូរភ្ញៀវទេសចរកម្ពុជា ដែលចំណាយប្រាក់ខ្ពស់ ដោយសារទីតាំងភូមិសាស្ត្រនៃប្រទេសទាំង២ជាប់គ្នា ការដឹកជញ្ជូនងាយស្រួល និងការត្រួតពិនិត្យព្រំដែនដោយរលូន។

យោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម បានឱ្យដឹងថា ឥឡូវនេះ កម្ពុជាគឺជាទីផ្សារទេសចរណ៍ ដែលស្ទុះងើបឡើងវិញលឿនបំផុតរបស់វៀតណាម ជាមួយនឹងការកើនឡើង៣៣៨% នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ធៀបនឹងកម្រិតមុនជំងឺរាតត្បាត បន្ទាប់មកគឺភ្ញៀវទេសចរឥណ្ឌាជាមួយនឹងកើនឡើង២៣៦%។

លោកស្រី Phan Huynh Phuong Hoang អគ្គនាយករងប្រតិបត្តិករទេសចរណ៍ឈានមុខគេ Vietravel បានមានប្រសាសន៍ថា កន្លងមកភ្ញៀវទេសចរកម្ពុជាភាគច្រើន បានចូលមកប្រទេសវៀតណាមក្នុងគោលបំណងព្យាបាលជំងឺ។លោកស្រីបន្តថា បន្ទាប់ពីជំងឺរាតត្បាត ភ្ញៀវទេសចរកម្ពុជាជាច្រើន បានសម្រុកទៅបណ្តាខេត្តជាប់ព្រំដែន ដើម្បីសម្រាកលំហែកាយនៅចុងសប្តាហ៍ នៅតាមរមណីយដ្ឋានប្រណីតៗ។

លោកស្រី Hoang បានបញ្ជាក់ថា ភ្ញៀវទេសចរកម្ពុជាម្នាក់ចំណាយប្រាក់ចន្លោះពី៨០០ ទៅ៩០០ដុល្លារសម្រាប់ដំណើរកម្សាន្តទៅកាន់ទីក្រុងហាណូយ និងហាឡុងភាគខាងជើង ប្រទេសវៀតណាម ដែលស្មើនឹងតម្លៃដំណើរកម្សាន្ត ទៅកាន់ប្រទេសកូរ៉េខាងត្បូងផងដែរ។

ជាមួយគ្នានេះ លោក Tran Quoc Thinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tay Ninh ដែលជាប់ព្រំដែនកម្ពុជាបានមានប្រសាសន៍ថា ច្រកទ្វារព្រំដែន Moc Bai គឺជាច្រកផ្លូវដ៏សំខាន់មួយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរកម្ពុជា ទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវ​ទេសចរ​កម្ពុជា ដែលចូល​ទៅ​កាន់ប្រទេសវៀតណាម​ មាន​៣ប្រភេទ។
ប្រភេទទី១ ជាភ្ញៀវប្រពៃណី ដែលចូលមកពីខេត្តចំនួន៣ជាប់នឹងខេត្ត Tay Ninh សម្រាប់ធ្វើដំណើរទេសចរណ៍ប្រចាំថ្ងៃ។
ប្រភេទទី​២ គឺ​ភ្ញៀវ​ទេសចរ​មក​ពី​ទីក្រុង​ធំៗ ​ដូច​ជា ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​សេវា​ព្យាបាល និង​
ប្រភេទទី​៣ ជាភ្ញៀវ​ទេសចរ​ដែល​ជ្រើសរើស ​ការ​សម្រាក​លំហែកាយ​រយៈពេល​វែង និង​រមណីយដ្ឋាន​លំដាប់​ខ្ពស់​នៅកោះ Phu Quoc ដា​ឡាត់ និង​វាំង​តាវ​។លោក Tran Quoc Thinh បានបន្តទៀតថា “បច្ចុប្បន្នក្រុមភ្ញៀវទេសចរលំដាប់ខ្ពស់ មកពីប្រទេសកម្ពុជាកំពុងកើនឡើង។ ពួកគេតែងតែធ្វើដំណើរទៅដល់ទីក្រុង Tay Ninh និងក្រុង Ho Chi Minh ដើម្បីសម្រាលព្យាបាលជម្ងឺ បន្ទាប់មកចំណាយពេលធ្វើដំណើរ និងទិញទំនិញ”។

ប្រទេស​វៀតណាម​មាន​សក្ដានុពល​ធំ ​ក្នុង​ការ​ជំរុញ​ប្រាក់​ចំណូ​ល​ពី​វិស័យ​ទេសចរណ៍ ​ពី​ក្រុម​ភ្ញៀវ​ទេសចរ​កម្ពុជា ​ដែល​ចូលចិត្តចំណា​យ​ខ្ពស់​។  ទោះជាយ៉ាងណាក្តី កង្វះផលិតផលទេសចរណ៍ និងសេវាកម្មផ្លូវអាកាសផ្ទាល់ ដែលតភ្ជាប់ទីក្រុងធំៗរវាងវៀតណាម និងកម្ពុជាក៏បានរារាំងដល់កំណើនផងដែរ។

លោកស្រី Hoang បានបន្ថែមថា ក្រុមហ៊ុនរបស់លោកស្រីកំពុងពិចារណា លើការបើកជើងហោះហើរត្រង់ តភ្ជាប់ទីក្រុងសំខាន់ៗរបស់កម្ពុជា ជាមួយនឹងគោលដៅទេសចរណ៍ពេញនិយម នៅក្នុងប្រទេសវៀតណាម និងអភិវឌ្ឍដំណើរកម្សាន្តតាមឆ្នេរប្រណីតៗ ដើម្បីដឹកភ្ញៀវទេសចរនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ ទៅកាន់កោះ Phu Quoc និង Vung Tau ៕

LEAVE A REPLY

Please enter your comment!
Please enter your name here