ដោយៈ ជេស៊ីកា
ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង៥២.៩៣ គម តភ្ជាប់ពីមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ឆ្លងកាត់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់ចំណុចឃុំដីឥដ្ឋ ខេត្តកណ្តាល។
បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្ន។ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវមួយដ៏សំខាន់ ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចសាងសង់ឡើង ដើម្បីសម្រួលការដឹកជញ្ជូន ការដឹកជញ្ជូននៅរាជធានីភ្នំពេញ។
ផ្លូវក្រវាត់ក្រុងមួយខ្សែនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយ សម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន។
ពិសេសជាងនេះទៅទៀត ផ្លូវក្រវាត់ក្រុងទី៣នេះ ក៏បានភ្ជាប់ទៅចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វ័យតភ្នំពេញ នៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាបំពេញឱ្យការតភ្ជាប់ ផ្លូវអាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គផងដែរ។ ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩ និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៣នេះ។
ក្រវាត់ក្រុងថ្មីនេះ ត្រូវបានអនុវត្តការងារសាងសង់ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧,៦៧លានដុល្លារអាមេរិក និងអនុវត្តការងារត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ៥,៣៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕











