អាកាសយានដ្ឋានថ្មីដ៏ធំ១នេះ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសទាក់ទាញភ្ញៀវទេសចរចិន

0

ដោយៈ គង់ សូរិយា

        សៀមរាបៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខា​ធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថាបានមានប្រ​សា​សន៍ថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរ​ជាតិ ​សៀមរាបអង្គរ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ

លោកបន្តថា នៅពេលដែលអាកាសយានដ្ឋានដ៏ធំមួយនេះ ចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ ​ការថ្លែងរបស់ឯកឧត្តម​បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសមាគមទេសចរណ៍កម្ពុជា (CATA)​ធ្វើទស្សន​កិច្ច​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

លោកស៊ិន ចាន់សេរីវុត្ថា បានបញ្ជាក់ថា សម្រាប់វិស័យអាកាសចរស៊ីវិល ការ​ដឹក​ជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា ទទួលបានអ្នក​ដំណើរ​តាមផ្លូវអាកាស បានចំនួនជាង២,៤៨០,០៣២នាក់ កើនឡើង២៧០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរទ្វេទិសចំនួន២៤,៧២៥ កើនឡើង១៤៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។លោកបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញ ជាមធ្យមមានចលនា​ហោះហើរទ្វេទិស៨៥០ជើង ក្នុងមួយសប្ដាហ៍ចេញ និងចូលអាកាសយានដ្ឋានអន្តរ​ជាតិ​ទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន២៦ ដែលកំពុងតភ្ជាប់​ជើង​ហោះហើរឡើងវិញជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេស​ហុងកុង កោះតៃវ៉ាន់ និងកាតា។ លោកស៊ិន ចាន់សេរីវុត្ថា បានអះអាងថា “យើងអាចនិយាយជារួមបានថា សកម្ម​ភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញបាន៥០ភាគរយ ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ១៩”។

ជាមួយគ្នានេះ លោក LU Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បានថ្លែងថា អាកាសយានដ្ឋានថ្មីនេះ នឹងជំរុញការអភិវឌ្ឍ​អាកាសចរណ៍ ផ្ដល់ភាពស្រួលដល់ភ្ញៀវ ដែលមកទស្សនាប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជា​ពិសេសទាក់ទាញភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជាបង្កើនទំនាក់ទំនង់រវាងប្រទេសចិន និងប្រទេសកម្ពុជាជំរុញការអភិ​វឌ្ឍវិស័យទេសចរណ៍។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានសម្ដែងនូវក្ដីរីករាយ ដែលនេះគឺពិតជាមានមោទនភាពបំផុត ពេលដែលខេត្ត​សៀមរាប ​ដែល​ជាប៉ូលទេសចរណ៍សំខាន់មួយបានទទួលការវិនិយោគ ទៅលើព្រ​លានយន្ត​ហោះថ្មី ដែលមានវិសាលភាពធំធេង និងសមត្ថភាព ក្នុងការទទួលយន្តហោះប្រភេទធំ ដែល​​នឹង​អាចឈានទៅ ទទួលការហោះហើរពីផ្លូវឆ្ងាយត្រង់មកកម្ពុជាបាននាពេល​ខាង​មុខ​។លោកជំទាវបានបន្ថែមថា “នេះជាកត្តាដ៏ប្រសើរមួយជួយដល់បេសកកម្មផ្សព្វ​ផ្សាយ ​ជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដាច់តែឯងមួយ (A Stand Alone Destination) ហើយអាកាសយានដ្ឋាននេះ នឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សំរាប់អនាគតនៃវិស័យ​ទេស​ចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here