ដោយៈ តែម សុខុម
បាងកក: ប្រទេសថៃ បានក្លាយជាអ្នកនាំចេញត្រីខកំប៉ុង និងផលិតផលត្រីកែច្នៃធំបំផុត ក្នុងតំបន់អាស៊ាន និងធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពីមហាយក្សចិន។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា។
ក្រសួងពាណិជ្ជកម្មថៃបាននិយាយថា កំណើននៃការនាំចេញត្រីខកំប៉ុង និងផលិតផលត្រីកែច្នៃនេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសមួយចំនួន ដូចជា ប្រទេសជប៉ុន ប្រទេសស៊ីលី ប្រទេសប៉េរូ និងប្រទេសចិន ជាដើម។
ការនាំចេញត្រីខកំប៉ុង និងត្រីកែច្នៃរបស់ប្រទេសថៃ មានទំហំសរុប១,១៤ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។ ទន្ទឹមនឹងនេះដែរ ទំហំនៃការនាំចេញទៅកាន់ទីផ្សារនានាក្រោមកិច្ចព្រមព្រៀង FTA មានចំនួន៣៥១,៧លានដុល្លារអាមេរិក ដោយកើនឡើង១៥,៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ទីផ្សារ FTA ដែលមានកំណើនជាបន្តបន្ទាប់ រួមមាន ប្រទេសជប៉ុន (កើនឡើង២២,៧%) ប្រទេសស៊ីលី (កើនឡើង៩៦,៧%) ប្រទេសប៉េរូ (កើនឡើង១៨៣,១%) ប្រទេសចិន (កើនឡើង២៥,៧%) ប្រទេសកម្ពុជា (កើនឡើង១១,៩%) និងប្រទេសហ្វីលីពីន (កើនឡើង១៣៨,១)។
ទីផ្សារនាំចេញសំខាន់ៗផ្សេងទៀត សម្រាប់ប្រទេសថៃ រួមមានប្រទេសជប៉ុន ប្រទេសអូស្ត្រាលី ប្រទេសស៊ីលី និងប្រទេសកូរ៉េខាងត្បូង៕ The Nation៕






