ដោយ: គង់ លាងហួរ
ហាណូយ: នាពេលថ្មីៗកន្លងទៅ ក្រសួងកិច្ចការងារសំណង់របស់ប្រទេសវៀតណាម (MoC) បានប្រកាសម្តងទៀតចំពោះជនបរទេសទាំងឡាយណាដែលមានបំណងចង់ទិញអចលនទ្រព្យក្នុងប្រទេសវៀតណាមគឺមិនចាំបាច់មានសញ្ជាតិវៀតណាមទៀតនោះទេ។
នេះជាយុទ្ធសាស្ត្រ ដែលបានដាក់ចេញនៅក្នុងអំឡុងកិច្ចប្រជុំសភាស្តីអំពីដំណើរការនៃការផ្លាស់ប្តូរច្បាប់សម្រាប់គ្រប់គ្រងលំនៅដ្ឋានកាលពីពេលថ្មីៗនេះ ទោះបីជាត្រូវបានបដិសេធពីសំណាក់ក្រុមមន្ត្រីសមាជិកសភាមួយចំនួនយ៉ាងណាក្តី។ជាក់ស្តែង ក្រុមមន្ត្រីសមាជិកសភាមួយចំនួនបានទាមទារឱ្យមានការពិចារណាឡើងវិញ ដោយសំណូមពរឱ្យមានការគោរពតាមលក្ខខណ្ឌចំនួន២បន្ថែម។ លក្ខខណ្ឌទី១គឺ ជនបរទេសដាច់ខាតត្រូវតែបោះទុនវិនិយោគនៅប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់កំណត់ណាមួយ និងលក្ខខណ្ឌទី២គឺ ការចូលជាសញ្ជាតិវៀតណាម មុនពេលដែលអាចមានសិទ្ធកាន់កាប់អចលនទ្រព្យនៅទីនេះបាន។
ច្បាប់កាន់កាប់អចលនទ្រព្យពីសំណាក់ជនបរទេសនៅប្រទេសវៀតណាម បានចងក្រងឡើង ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ប៉ុន្តែច្បាប់ថ្មី ដែលបានកែប្រែចុងក្រោយនោះ គឺផ្អែកទៅលើកំណែប្រែឆ្នាំ២០១៤ នៃច្បាប់គ្រប់គ្រងលំនៅដ្ឋាន។
ទោះជាយ៉ាងណាក្តី យោងតាមច្បាប់បច្ចុប្បន្ន ជនបរទេសអាចកាន់កាប់៣០ភាគរយនៃគម្រោងអាផាតមុិន និងគម្រោងអគាររស់នៅផ្សេងៗ ហើយរយៈពេលនៃការកាន់កាប់អចលនទ្រព្យទាំងនោះមានត្រឹមតែ៥០ឆ្នាំប៉ុណ្ណោះ៕