ការនាំចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេស RCEP ហក់ឡើង២៤ភាគរយ ក្នុងឆមាសទី១

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃអង្គារនេះបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់បណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) សម្រេចបានទំហំទឹកប្រាក់ចំនួន៤,០៧ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ។

តួលេខខាងលើនេះបង្ហាញពីការកើនឡើង២៤ភាគរយ បើធៀបនឹងទឹកប្រាក់ចំនួន៣,២៨ពាន់លានដុល្លារ ដែលកម្ពុជារកបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍ ដដែលបានបន្តថាក្នុងអំឡុងខែមករារហូតដល់ ខែមិថុនាឆ្នាំនេះ ទិសដៅនាំចេញកំពូលទាំង៣របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP គឺ ប្រទេស វៀតណាម ចិន និង ជប៉ុន។

កម្ពុជាបាននាំចេញផលិតផល ដែលមានតម្លៃជិត១,៤៣ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាម ពោលគឺកើនឡើង២២ភាគរយ ៧១៣លានដុល្លារទៅកាន់ប្រទេសចិន ពោលគឺកើនឡើង១៧ភាគរយ និង៥៤៥លានដុល្លារទៅកាន់ប្រទេសជប៉ុន ពោលគឺកើនឡើង១ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានសមាជិកប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៥ ដែលរួមមានបណ្តារដ្ឋជាសមាជិកអាស៊ានចំនួន១០ និងដៃគូពាណិជ្ជកម្មចំនួន៥ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើននៃការនាំចេញរបស់កម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។

លោកបានប្រាប់សារពត៌មាន Xinhua ថា “កំណើននេះបង្ហាញយ៉ាងច្បាស់ថាបណ្តាប្រទេស RCEP គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផល ដែលផលិតបាននៅក្នុងប្រទេសកម្ពុជា”។

លោកបន្តថា “ជាមួយនឹងការអនុគ្រោះពន្ធ ដែលត្រូវបានផ្តល់ជូនក្រោមកិច្ចព្រមព្រៀង RCEP នោះគ្មានអ្វីគួរឱ្យសង្ស័យទេថា ការនាំចេញរបស់យើងទៅកាន់បណ្តាប្រទេស RCEP នឹងបន្តកើនឡើងពេញមួយឆមាសទីពីរនៃឆ្នាំនេះ និងឆ្នាំក្រោយផងដែរ”។

លោក ប៉ែន សុវិជាតិ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ក៏បានក្លាយជាមេដែកស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើនមកកម្ពុជាផងដែរ។

លោកបានបន្ថែមថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យរួចផុតពីឋានៈប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕

LEAVE A REPLY

Please enter your comment!
Please enter your name here