ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញ នៅតែមានភាពស្រពិចស្រពិល និងមិនទាន់ហ៊ានព្យាករណ៍ នៃកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា នៅក្រោយការបោះឆ្នោតនិតិកាលទី៧នាពេលខាងមុខ។
ប្រធានក្រុមហ៊ុនKW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានមានប្រសាសន៍ថា នៅក្រោយបោះឆ្នោត អ្វីៗនឹងល្អប្រសើរនឹងមានអ្នកវិនិយោគទុនចូលមកច្រើនឡើងវិញ។ លោកបញ្ជាក់ថា “សម្រាប់ខ្ញុំ អ្វីដែលកំពុងតាមដាន គឺស្ថានភាពថ្ងៃទី២៣ កក្កដា តើមានអ្វីកើតឡើង និងរំពឹងថាក្រោយបោះឆ្នោតស្ថានភាពល្អប្រសើរ”។លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ស្ថានភាពអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ផ្នែកសេវាកម្មម្ហូបអាហារ នៅតែមានដំណើរការល្អ មានការលក់បានជាធម្មតា ព្រោះជាតម្រូវការដែលអត់មិនបាន។
ទាក់ទងនឹងស្ថានភាពទីផ្សារអចលនទ្រព្យ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជា មានកំណើនឬថយចុះ គឺពឹងអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោក។ ជាពិសេសនោះ គឺស្ថានភាពសេដ្ឋកិច្ចចិន និងអាមេរិក។ លោកបន្តថា “នៅពេលដែលអ្នកដឹកនាំ សេដ្ឋកិច្ចពិភពលោករងគ្រោះ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង ហើយបើសេដ្ឋកិច្ចប៉ះពាល់ វិស័យដីធ្លីក៏រងគ្រោះទៅតាមនឹងដែរ”។
ជាមួយគ្នានេះ លោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong បានលើកឡើងដែរថា បច្ចុប្បន្ននេះ ចំនួនអ្នកមានតម្រូវការអ្នកចង់ទិញផ្ទះមានច្រើន ប៉ុន្តែលទ្ធភាពក្នុងការយកហិរញ្ញទាណពីធនាគារមានការលំបាកខ្លាំង ទាំងឯកជន និងក្រុមហ៊ុន។
លោកមើលឃើញថា “វិស័យអចលនទ្រព្យសព្វថ្ងៃនេះ មានចរន្តទិញលក់តែនៅក្នុងស្រុក ពុំទាន់មានវិនិយោគិនហូរពីបរទេស នៅឡើយ”។ លោកបន្តថា “ដូច្នេះដើម្បីឱ្យវិស័យនេះ ទទួលបានការគាំពារខ្លាំង ទាល់តែមានចរន្តសាច់ប្រាក់ចាក់ចូលបន្ថែម ពីរាជរដ្ឋាភិបាល ហើយផ្តល់លទ្ធភាព ក្នុងការប្រើកម្ចីដោយបន្ធូរបន្ថយអត្រាការប្រាក់ ក្នុងការប្រើលើវិស័យសំណង់ និងអចលនទ្រព្យ”។
ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ថា ស្ថានភាពក្រោយការបោះឆ្នោត យើងរំពឹងថា ទីផ្សារនឹងមានសភាពល្អប្រសើរ ដោយគំរោងខុនដូថ្មីៗជាច្រើននឹងចាប់ផ្តើមសាងសង់ចាប់ពីខែសីហា រហូតដល់ចុងឆ្នាំនេះ។
លោកបន្តថា “ស្ថានភាពទីផ្សារនឹងកំរើកឡើងវិញ ដោយអ្នកវិនិយោគក្នុងស្រុក និងបរទេស ពួកគេនឹងធ្វើការសម្រេចចិត្តបោះទុនវិនិយោគ”៕






