ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទ្វេរភាគីបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ឱ្យឈានឡើងដល់កម្រិតថ្មី ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងការទូត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ការគាំទ្រ និងការគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ បានជំរុញឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងមិនអាចបំបែកបាន។លោកបានបញ្ជាក់ប្រាប់សារពត៌មាន Xinhua នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីពេលថ្មីៗនេះថា “ប្រទេសទាំងពីរតែងតែឆ្ពោះទៅមុខជាមួយគ្នា ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ”។
លោក ផៃ ស៊ីផាន បានបន្តថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រទ្វេរភាគី “Diamond Hexagon” ដែលបង្កើតឡើងដោយប្រទេសទាំងពីរកាលពីខែកុម្ភៈ នឹងជំរុញការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។
លោកបានបញ្ជាក់ថា ក្របខណ្ឌនេះត្រូវបានផ្តោតលើវិស័យអាទិភាព ចំនួន៦រួម មាន កិច្ចសហប្រតិបត្តិការ នយោបាយ សមត្ថភាព និងគុណភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ខណៈដែលឆ្នាំ២០២៣នេះ គឺជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលស្នើឡើងដោយប្រទេសចិន លោក ផៃ ស៊ីផាន មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “ក្រោម គំនិតផ្តួចផ្តើម BRI កម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយតំបន់អាស៊ានទាំងមូលបានចាត់ទុក BRI ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមនៅក្នុងតំបន់របស់យើង”។
លោកបានបន្តថា BRI បានលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ ហើយគំនិតផ្តួចផ្តើមនេះមិនបានបង្កើតភាពច្របូកច្របល់ចំពោះប្រទេសណាមួយ ឬរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសដទៃឡើយ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “នៅក្រោម គម្រោង BRI គ្មានប្រទេសណាមួយនៅក្នុងតំបន់ត្រូវបានដាក់ឱ្យនៅឯកោទេ ពោលគឺតភ្ជាប់តំបន់អាស៊ី តំបន់អាស៊ាន ជាមួយប្រទេសចិន ដែលជាទីផ្សារដ៏ធំដែលមានប្រជាជនជាង១,៤ពាន់លាននាក់”។លោកបានមានប្រសាសន៍ថា ក្រោមគម្រោង BRI គម្រោងធំៗជាច្រើនដូចជា រោងចក្រវារីអគ្គិសនី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពហុកីឡដ្ឋានជាតិមរតកតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានអភិវឌ្ឍឡើងក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា “គម្រោងធំៗទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទេសចរណ៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា”។
យោងតាមស្ថិតិផ្លូវការបានបង្ហាញថា ប្រទេសចំនួន១៥១ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារក្រោមក្របខ័ណ្ឌ BRI គិតត្រឹមថ្ងៃទី ៦ ខែមករា។លោក ផៃ ស៊ីផាន បានបន្ថែមថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) បានជួយជំរុញយ៉ាងខ្លាំងដល់ការនាំចេញ និងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា កតិកាសញ្ញាទាំងពីរនេះ គឺជាមេដែកដើម្បីទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើន ជាពិសេសពីប្រទេសចិន។
លោកបានអះអាងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនេះនឹងជួយឱ្យកម្ពុជាបញ្ចប់ពីឋានៈជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០”។
លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា យន្តការកិច្ចសហប្រតិបត្តិការទាំងអស់នេះ បានផ្តល់នូវសន្ទុះយ៉ាងខ្លាំងក្លាដល់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ រួមជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី៕