ការលក់ផ្ទះឯកជនថ្មី នៅសិង្ហបុរីដាំក្បាលចុះក្នុងខែមិថុនា ក្រោយកើនឡើងរយៈពេល៥ខែជាប់ៗគ្នា

0

ដោយ: គង់ លាងហួរ
សិង្ហបុរី: យោងតាមការចុះផ្សាយដោយសារពត៌មាន CNA បានឱ្យដឹងថា ការលក់ផ្ទះឯកជនថ្មីនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះនៅក្នុងខែមិថុនា ពោលគឺជាការធ្លាក់ចុះលើកដំបូង បន្ទាប់ពីបានកើនឡើងរយៈពេល៥ខែជាប់ៗគ្នាក្នុងឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានបង្ហាញថា ដោយមិនគិតរាប់បញ្ចូលខុនដូប្រភេទ(Executive Condominiums) អ្នកអភិវឌ្ឍន៍បានលក់ផ្ទះចំនួន២៧៨យូនីត ក្នុងខែមិថុនា ដែលដាំក្បាលចុះ៧៣,២ភាគរយ បើធៀបនឹងចំនួន១.០៣៩យូនីត ដែលបានលក់ក្នុងខែឧសភា។

ផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ការលក់ផ្ទះឯកជនបានដាំក្បាលចុះ៤៣ភាគរយពីចំនួន៤៨៨យូនីតដែលបានលក់ក្នុងខែមិថុនា ឆ្នាំ២០២២។ ចំណែក ចំនួនយូនីតដែលដាក់លក់ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ ដោយមានផ្ទះឯកជនតែ៣១យូនីត ប៉ុណ្ណោះ ដែលបានដាក់លក់ ក្នុងខែមិថុនា ពោលគឺដាំក្បាលចុះ៩៨,១% ធៀបនឹង១.៥៩៥យូនីតក្នុងខែឧសភា និងដាំក្បាលចុះ៩២,២% បើធៀបនឹង៣៩៧យូនីត ក្នុងខែមិថុនា ឆ្នាំ២០២២។

ក្រុមអ្នកវិភាគបានអះអាងថា ការថយចុះនៃការលក់ផ្ទះឯកជនគឺដោយសារតែកង្វះនៃការបើកដំណើរការគម្រោងធំៗនៅក្នុងខែមិថុនា ខណៈ Lavender Residence គឺជាគម្រោងតែមួយគត់ដែលបានបើកដំណើរការលក់ក្នុងខែមិថុនា។

លោក Lam Chern Woon ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សារបស់ក្រុមហ៊ុន Edmund Tie បានលើកឡើងថា “ការដាំក្បាលចុះយ៉ាងខ្លាំងនៃបរិមាណលក់អាចបណ្តាលមកពីឥទ្ធិពលមូលដ្ឋានដ៏ខ្ពស់មួយ ដែលការបើកដំណើរការគម្រោងធំពីរ (The Reserve Residences and The Continuum) បានជំរុញការលក់នៅខែឧសភា ឆ្នាំនេះ ដល់កម្រិតខ្ពស់រយៈពេល១២ខែ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here