តែម សុខុម
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោក Evergrande Group បានប្រកាសលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុដែលបានពន្យារពេលយូរមកហើយ ជាផ្នែកដ៏សំខាន់មួយនៃការរៀបចំបំណុលរបស់ខ្លួនឡើងវិញដែលធំបំផុតក្នុងប្រវត្តិសាស្រ្តសាជីវកម្មចិន។
យោងតាមឯកសារផ្សារហ៊ុនកាលពីថ្ងៃច័ន្ទ ទី១៧ ខែកក្កដា បង្ហាញថា ក្រុមហ៊ុនខាងលើនេះបានបញ្ចេញរបាយការណ៍ស្ដីពីការខាតបង់ចំនួន៦៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ និង១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយបូកបញ្ចូកគ្នាទាំង២ឆ្នាំនេះគឺខាតបង់សរុបរហូតដល់ទៅ៨១ពាន់លានដុល្លារអាមេរិក។នេះជាលើកទី១ ហើយដែលក្រុមហ៊ុននេះបានបញ្ចេញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ២០២១ ជាពេលដែលការផ្ទុះវិបត្តិសាច់ប្រាក់របស់ក្រុមហ៊ុននេះ បានបង្កឱ្យមានវិបត្តិអចលនទ្រព្យដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រទេសចិន ដែលនៅតែបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចចិន រហូតមកទល់ពេលនេះ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Evergrande ត្រូវបានផ្អាកពីការជួញដូរចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដោយសារតែក្រុមហ៊ុននេះពន្យារពេលបញ្ចេាញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ របស់ខ្លួន។
ដើម្បីជៀសវាងការត្រូវគេលុបចេញពីបញ្ជីផ្សារហ៊ុន ក្រុមហ៊ុន Evergrande ត្រូវបញ្ចេញលទ្ធផលរបាយការណ៍ហិរញ្ញវត្ថុមិនឱ្យលើសពីថ្ងៃទី២០ ខែកញ្ញា ជាកំហិត បន្ថែមពីលើការបំពេញលក្ខខណ្ឌតម្រូវផ្សេងៗទៀតដែលបានកំណត់ដោយផ្សារហ៊ុន។
ឯកសារនេះក៏បានបង្ហាញផងដែរថា បំណុលសរុបរបស់ក្រុមហ៊ុន Evergrande បានកើនឡើងរហូតដល់៣៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២២ ដែលស្មើប្រមាណ២%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសចិន៕ CNN៕