ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកអ៊ិត សំហេងបានឱ្យដឹងថា លោកនឹងរៀបចំដាក់កម្មវិធីបណ្ដុះបណ្ដាលផ្នែកតូរ្យតន្រ្តី ទៅក្នុងគម្រោងនៃគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ និងយុវជន១,៥លាននាក់ ដែលរាជរដ្ឋាភិបាល នឹងផ្តល់ការបណ្តុះបណ្តាលដោយមិនគិតថ្លៃ ហើយថែមទាំងផ្តល់នូវប្រាក់ឧបត្ថម្ភ ក្នុងកំឡុងពេលបណ្តុះបណ្តាលទៀត។
ការថ្លែងបញ្ជាក់របស់លោក អ៊ិត សំហេង ធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយប្រតិភូ សមាគមអ្នកភ្លេងដឹកនាំដោយលោកម៉ិញ សុធីវណ្ណ ប្រធានប្រតិបត្តិសមាគម កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។
លោកលើកឡើងថា “សេវាកម្មតូរ្យតន្ត្រី ក៏មានទីផ្សារការងារគួរសមដែរ ខណៈនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន រង្គសាលនានាក៏ត្រូវការសេវាកម្មតូរ្យតន្ត្រីនេះច្រើន ដែលជាមុខរបរមួយសម្រាប់ជួយជីវភាពផង និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិយើងផង”។
-->
នាឱកាសនោះ លោក ម៉ិញ សុធីវណ្ណ បានឱ្យដឹងថា ចក្ខុវិស័យ និងគោលបំណងរបស់សមាគមអ្នកភ្លេង គឺការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរ ប្រមូលធនធានមនុស្ស ដោយឈរលើស្មារតីរួបរួមគ្នា បើកចិត្តឱ្យទូលាយ សាមគ្គីគ្នា ជួយគ្នាដោយឈរលើគោលការណ៍បីយ៉ាងគឺ ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ។
សមាគមប្រកាន់យកពាក្យស្លោក ឧបសគ្គគឺជាសាលារៀន ការលំបាក គឺជាឱកាស។ សមាគមចែករំលែក និងផ្ទេរចំណេះដឹង បទពិសោធន៍ ដែលពួកគាត់ភាគច្រើន សុទ្ធតែមានបទពិសោធនន៍ខ្ពស់ ហើយឆ្លងកាត់៥ជំនាន់ ដើម្បីរួមគ្នាបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដែលមានទេពកោសល្យខាងតូរតន្រ្តី។
លោកបណ្ឌិត អ៊ិត សំហេង បានសំដែងនូវការពេញចិត្ត និងគាំទ្រ ចំពោះគំនិតផ្តួចផ្តើមប្រមែប្រមូល ធនធានមនុស្សវ័យចំណាស់ជំនាន់មុន ដែលមានទេពកោសល្យ និងបានឆ្លងកាត់បទពិសោធន៍ច្រើនជំនាន់ ហើយបានបង្កើតបាននូវស្នាដៃ ក្នុងជំនាន់នីមួយៗ ដើម្បីប្រមូលផ្តុំគ្នាជាក្រុមជួយជ្រោមជ្រែង ថែរក្សាមរតកពីយូរយាណាស់មកហើយ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយបានចេះ បានដឹង ចូលរួមលើកស្ទួយវប្បធម៌ ថែរក្សាតម្លៃនៃសិល្បៈវប្បធម៌ជាតិ។
លោកលើកឡើងថា បច្ចុប្បន្ន តែងមានរំហូរវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយ ពិសេសតាមរយៈបណ្ដាញសង្គម តួយ៉ាងការវិវត្តនៃសិល្បៈតន្ត្រី ចម្រៀងនៅកម្ពុជា ទោះបីចម្រៀងតន្ត្រីសម័យមានការពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ ក៏អត្ថន័យចម្រៀនមរតកដើមនៅតែពីរោះ មានខ្លឹមសារអប់រំល្អៗច្រើន ដែលយើងជាកូនចៅជំនាន់ក្រោយគួរតែសិក្សារៀនសូត្រតាម អភិរក្សថែរក្សាមរតកដើមដូនតាជំនាន់មុន និងបន្តស្នាដៃឱ្យបានល្អទៅថ្ងៃអនាគត។
លោកបន្តថា សិល្បៈក៏ជាការបញ្ជ្រាបចំណេះដឹង ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់សមិទ្ធផលដែលជាតិធ្លាប់មាន កំពុងកសាង និងបណ្ដុះបណ្ដាលស្មារតីចូលរួម សម្រាប់យុវជន យុវតី ដូច្នេះសមាគមអ្នកភ្លេង ក៏អាចចូលរួមបញ្ជ្រាបគំនិតទាំងអស់នេះបានផងដែរ៕