ដោយគង់ សូរិយា
ភ្នំពេញ៖ បណ្តាផ្សារប្រពៃណីនានានៅទីក្រុងភ្នំពេញ បានស្ងប់ស្ងាត់និងស្ទើរតែបិទទ្វារ ខណៈផ្សារទំនើបនានាបានបន្តបើកទ្វារ ដើម្បីស្វាគមន៍ប្រជាជនដែលមិនចេញដំនើរកំសាន្តដោយសារជាប់រវល់បំពេញការងារ ។
យោងតាមប្រតិទិនបានឲ្យដឹងថា បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០១៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភះខាងមុខនេះ។
ប្រធានផ្សារអូរឬស្សីលោក ហ៊ត វ៉ាន់ធីបានមានប្រសាសន៍ប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៥ កុម្ភៈនេះថា បើទោះបីជាមានអាជីវករមកបើកលក់លក់តិចតួចក្តី ប៉ុន្តែកងកម្លាំងរបស់ផ្សារនៅតែយាមកាមទាំងក្នុងផ្សារនិងក្រៅផ្សារជាប់ជាប្រចាំ។
ចំណែកប្រធានផ្សារធំថ្មីបានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំឲ្យតែរដូវបុណ្យធំៗ ដូចជា បុណ្យចូលឆ្នាំចិន-វៀតណាម បុណ្យប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបុណ្យភ្ជុំបិណ្ឌ ផ្សារតែងតែបិទច្រកទ្វារចេញចូលមួយចំនួន ដោយសារខ្វះកម្លាំងការពារ ប៉ុន្តែសម្រាប់អាជីវករវិញ អាចមានសិទ្ធិមកបើកលក់ជាធម្មតាបាននិងគ្រប់ពេល។
លោកបន្តថា “ការលក់នៅខាងក្រៅផ្សាររបស់អាជីវករមួយចំនួន ធ្វើឡើងតាម សំណូមពររបស់អាជីវករ ដោយសារដាក់លក់នៅខាងក្រៅ លក់ដាច់បានច្រើនជាងខាងក្នុងផ្សារនារដូវបុណ្យទានម្តងៗ”៕