ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សមិទ្ធផលស្ពានមិត្តភាពកម្ពុជា -ថៃ (ស្ទឹងបត់ បានណងអៀន) ក្នុងក្រុងប៉ោយប៉ែត បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ។
ផលប្រយោជន៍នៃសេដ្ឋកិច្ចនេះ ទទួលបានតាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យ របស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេស នៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)។យោងតាមក្រសួងសាធារណការ ស្ពានស្ទឹងបត់-បានណងអៀន មានប្រវែងស្ពានសរុបចំនួន៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ ម៉ែត្រ) និងទទឹងស្ពានប្រវែង១៧ម៉ែត្រ។
ស្ពានឆ្លងកាត់ព្រំដែននេះ ចាប់ផ្ដើមពីក្រុងប៉ោយប៉ែត ទៅបញ្ចប់នៅច្រកព្រំដែន ប៉ោយប៉ែត-ថៃ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៧ និងបញ្ចប់ការសាងសង់ កាលពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០១៩។
ស្ពាននេះត្រូវបានចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណ ៦៧០លានបាត ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក សាងសង់ដោយកងវិស្វកម្ម នៃកងទ័ពភូមិន្ទព្រះរាជាណាចក្រថៃ និងត្រួតពិនិត្យដោយ នាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។
ក្រសួងសាធារណការបានឱ្យដឹងទៀតថា បច្ចុប្បន្ន កម្ពុជាកំពុងសាងសង់អគាររដ្ឋបាល នៅច្រកអន្តរជាតិ ស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ និងសម្រេចវឌ្ឍនភាពការងារបានជាង៨៥ភាគរយហើយ៕