ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា បំណុលសាធារណៈសកល បានហក់ឡើងដល់កំណត់ត្រា៩២ទ្រីលានដុល្លារក្នុងឆ្នាំ២០២២។
ការកើនឡើងនៃបំណុលនេះ ដោយសាររដ្ឋាភិបាលបណ្តាប្រទេសនានា បានខ្ចីប្រាក់ដើម្បីទប់ទល់នឹងវិបត្តិនានា ដូចជាជំងឺរាតត្បាតកូវីដ-១៩ ដោយបន្ទុកបំណុលបានជះផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍។
-->
បំណុលក្នុងស្រុក និងបំណុលខាងក្រៅទូទាំងពិភពលោកបានហក់ឡើងជាង៥ដង ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ពោលគឺកើនលើសពីអត្រាកំណើនសេដ្ឋកិច្ចទៅទៀត ខណៈផលិតផលក្នុងស្រុកសរុប បានកើនឡើងត្រឹមតែ៣ដងប៉ុណ្ណោះ បើគិតចាប់តាំងពីឆ្នាំ២០០២។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា “ទីផ្សារប្រហែលជាមិនសូវរងផលអាក្រក់នៅឡើយទេ ប៉ុន្តែមនុស្សកំពុងរងទុក្ខ ហើយប្រទេសក្រីក្របំផុតមួយចំនួននៅលើពិភពលោក កំពុងបង្ខំចិត្តឱ្យជ្រើសរើសរវាងការបម្រើបំណុលរបស់ពួកគេ ឬបម្រើប្រជាជនរបស់ពួកគេ”។
បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជំពាក់ជិត៣០ភាគរយ នៃបំណុលសាធារណៈសកល ដែលក្នុងនោះ៧០ភាគរយ ត្រូវបានតំណាងដោយប្រទេសចិន ឥណ្ឌា និងប្រេស៊ីល។ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៥៩ ប្រឈមមុខនឹងសមាមាត្របំណុលធៀបទៅនឹង GDP លើសពី៦០ភាគរយ ដែលបង្ហាញពីកម្រិតជំពាក់បំណុលខ្ពស់។
របាយការណ៍របស់អង្គការសហប្រជាជាតិបានបន្ថែមថា “បំណុលបាន និងកំពុងប្រែក្លាយជាបន្ទុកដ៏ធំ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយសារលទ្ធភាពទទួលបានហិរញ្ញប្បទាន របស់ពួកគេនៅមានកម្រិត ការកើនឡើងថ្លៃដើមលើការខ្ចីប្រាក់ ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណ និងកំណើនសេដ្ឋកិច្ចដើរយឺត”៕