ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Surat Diamond Bourse ត្រូវបានគេចាត់ទុកជា គោលដៅ One-Stop សម្រាប់អ្នកជំនាញខាងផ្នែកត្បូងពេជ្រជាង៦៥.០០០នាក់ រួមមានទាំងអ្នកកាត់ពេជ្រ អ្នកខាត់ពេជ្រ និងក្រុមពាណិជ្ជករលក់ពេជ្រផងដែរ។
យោងតាមការចុះផ្សាយដោយសារពត៌មានអាមេរិក CNN បានឱ្យដឹងថា អគារនេះមានកម្ពស់រហូតទៅដល់១៤ជាន់ និងត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំជាង៣៥ហិកតា។
ជាក់ស្តែង Surat Diamond Bourse គឺជាអគារការិយាល័យថ្មីដ៏ធំបំផុតនៅលើពិភពលោក ដោយមានទីតាំងស្ថិតនៅក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា។
ក្រុមស្ថាបត្យកររបស់គម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្រ Surat Diamond Bourse បានអះអាងថា អគារនេះមានផ្ទៃក្រឡា (Floor area) ជាង៧,១លានហ្វីតការ៉េ ដែលមានន័យថាវាបានវ៉ាដាច់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ក្នុងនាមជាអគារការិយាល័យធំជាងគេបំផុតរបស់ពិភពលោក។


លោក Mahesh Gadhavi នាយកប្រតិបត្តិរបស់គម្រោងខ្នាតយក្សនេះ បានមានប្រសាសន៍ឱ្យដឹងថា អគារពាណិជ្ជកម្ម Surat Diamond Bourse នឹងជួយសង្រ្គោះមនុស្សរាប់ពាន់នាក់ពីការធ្វើដំណើរជារៀងរាល់ថ្ងៃ ទៅកាន់ទីក្រុងបុមបៃតាមរយៈរថភ្លើងដើម្បីប្រកបអាជីវកម្មរបស់ពួកគេផងដែរ៕






