ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមរបាយការណ៍មួយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញស្មាតហ្វូនជាសកលបានដាំក្បាលចុះ១១ភាគរយ នៅត្រីមាសទីពីរធៀបនឹងឆ្នាំមុន ខណៈទីផ្សារបានបន្តប្រឈមមុខនឹងការថយចុះនៃតម្រូវការអ្នកប្រើប្រាស់ ស្របពេលមានភាពមិនច្បាស់លាស់ខាងផ្នែកម៉ាក្រូសេដ្ឋកិច្ច។
ក្រុមហ៊ុនស្រាវជ្រាវទៅលើទីផ្សារ Canalys បានអះអាងថា ការថយចុះនៃតម្រូវការបានជះផលប៉ះពាល់ដល់ក្រុមហ៊ុននាំមុខគេនៅលើទីផ្សារ ដូចជាក្រុមហ៊ុន Samsung Electronics និងក្រុមហ៊ុន Apple ដែលត្រូវកាត់បន្ថយការលក់ ឬការនាំចេញទៅកាន់អ្នកលក់រាយរបស់ពួកគេ។
ក្រុមហ៊ុន Samsung បាននាំមុខគេជាមួយនឹងចំណែកទីផ្សារ២១ភាគរយ តាមពីក្រោយដោយក្រុមហ៊ុន Apple ជាមួយចំណែកទីផ្សារ១៧ភាគរយ ក្រុមហ៊ុន Xiaomi មានចំណែកទីផ្សារ១៣ភាគរយ រីឯក្រុមហ៊ុន OPPO មានចំណែកទីផ្សារ១០ភាគរយ។
របាយការណ៍ដដែលខាងលើបានបន្តថា ខណៈពេលដែលកំណើនប្រចាំឆ្នាំបានធ្លាក់ចុះ អ្វីៗបានចាប់ផ្តើមប្រសើរឡើងវិញ ជាមួយនឹងសញ្ញាកំណើននៃការវិនិយោគ។






