តម្លៃផ្ទះនៅសហរដ្ឋអាមេរិកស្ថិតនៅកម្រិតអតិបរមា បើទោះបីជាការលក់ដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ
វ៉ាសុីនតោន: តម្លៃផ្ទះនៅសហរដ្ឋអាមេរិកបានបន្តធ្លាក់ចុះក្នុងខែមិថុនាបើធៀបទៅនឹងមួយឆ្នាំមុន ប៉ុន្តែកត្តានេះប្រហែលជាមិនមានផលល្អអ្វីច្រើនសម្រាប់អ្នកទិញផ្ទះនោះទេ ខណៈតម្លៃផ្ទះជាមធ្យមនៅតែមានកម្រិតខ្ពស់ខ្លាំងដដែល។

យោងតាមរបាយការណ៍សមាគមជាតិនៃអ្នកអចលនទ្រព្យ(NAR) បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមក្នុងខែមិថុនាបានបំបែកកំណត់ត្រាជាតម្លៃមធ្យមប្រចាំខែខ្ពស់បំផុតទី២ បើគិតត្រលប់ទៅឆ្នាំ១៩៩៩។

តម្លៃផ្ទះជាមធ្យមដែលមានស្រាប់គឺ៤១០.២០០ដុល្លារអាមេរិក កាលពីខែមិថុនា ពោលគឺធ្លាក់ចុះត្រឹមតែ០,៩% ប៉ុណ្ណោះបើធៀបទៅនឹង៤១៣.៨០០ដុល្លារកាលពីមួយឆ្នាំមុន។សារពើភ័ណ្ឌផ្ទះ (Inventory of homes) នៅលើទីផ្សារនៅតែមានកម្រិតទាបជាប្រវត្តិសាស្ត្រ ដោយសារម្ចាស់ផ្ទះបច្ចុប្បន្នមិនព្រមលក់។ លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់សមាគម NAR មានប្រសាសន៍ថា “មិនមានផ្ទះគ្រប់គ្រាន់សម្រាប់លក់នោះទេ ហើយទីផ្សារអាចស្រូបយកសារពើភ័ណ្ឌទ្វេរដងបានយ៉ាងងាយស្រួល”។ការលក់ផ្ទះដែលមានស្រាប់ ដូចជាផ្ទះគ្រួសារទោល ផ្ទះទីក្រុង Townhome ខុនដូ និង ផ្ទះ សហករណ៍ (co-ops) បានធ្លាក់ចុះទាបជាងការរំពឹងទុក ក្នុងអត្រា៣,៣%គិតចាប់ពីខែឧសភារហូតដល់ខែមិថុនា។

លោក Yun បានមានប្រសាសន៍ថា “អត្រាប្រាក់កម្ចីទិញផ្ទះខ្ពស់ជិត៧% និងសារពើភ័ណ្ឌទាបជាប្រវត្តិសាស្ត្រនៃផ្ទះដែលមានស្រាប់នៅលើទីផ្សារកំពុងរារាំងដល់សកម្មភាពលក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here