អ្នកវិនិយោគបរទេសសម្រុកទៅវិនិយោគនៅតៃវ៉ាន់ ខណៈភាគហ៊ុន AI និងភាគហ៊ុនបន្ទះឈីបហក់ឡើងស្រឺតៗ

0

តែម សុខុម

តៃប៉ិ: អ្នកវិនិយោគបរទេសពេលនេះកំពុងទុកបញ្ហាភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមួយឡែកសិន ហើយសម្រុកទៅវិនិយោគលើភាគហ៊ុននៅតៃវ៉ាន់ ដោយទទួលបានរំហូរវិនិយោគបរទេសដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយសារភាគហ៊ុនបញ្ញាសិប្បនិម្មិត (AI) និងភាគហ៊ុនបន្ទះឈីបហក់ឡើងស្រឺតៗ។

ការទិញដុលពីអ្នកវិនិយោគបរទេសក្នុងទំហំ១២ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល៦ខែគិតមកទល់នឹងខែមិថុនា នេះគឺជាចំនួនដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីឆមាសទី១ ដើមឆ្នាំ២០០៨ ហើយលទ្ធផលសន្ទស្សន៍គោលរបស់តៃវ៉ាន់ ដែលបានកើនឡើងរហូតដល់២០%ក្នុងឆ្នាំនេះគឺល្អបំផុតនៅអាស៊ី។

Taiwan’s first Al weather presenter (Photo on the official website of FTV News channel)

ហើយក្រុមអ្នកឃ្លាំមើលទីផ្សារបានព្យាករថា ភាគហ៊ុនបច្ចេកវិទ្យា AI នឹងហក់ឡើងបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២១ ខែកក្កដា។

លោក Carlos Casanova អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ី នៅធនាគារស្វីស Union Bancaire Privee បានលើកឡើងថា “អ្វីដែលយើងកំពុងមើលឃើញនៅពេលនេះ គឺជាពាណិជ្ជកម្មជាយុទ្ធសាស្ត្រដែលមានទំនោរផ្អែកលើការបណ្តាក់ទុករយៈពេលខ្លី មុននឹងតម្លៃនៃវិស័យបច្ចេកវិទ្យាកើនឡើងដល់កម្រិតកំពូល”។

លោកបានបន្ថែមថា “ស្ថានភាពតានតឹងដែលអាចកើតមាននៅចក្រសមុទ្រតៃវ៉ាន់ Taiwan Strait គឺមិនសូវពាក់ព័ន្ធឡើយសម្រាប់អ្នកវិនិយោគទាំងនេះ”។

ប្រទេសចិន បានអះអាងថា តៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន ហើយការអះអាងបែបនេះត្រូវបានរដ្ឋាភិបាលតៃប៉ិ ជំទាស់យ៉ាងដាច់អហង្ការរហូតមក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here