ដោយ: គង់ លាងហួរ
ហាណូយ: យោងតាមក្រុមហ៊ុនអចលនទ្រព្យ Savills Hanoi បានឱ្យដឹងថា តម្លៃអាផាតមុិននៅទីក្រុងហាណូយ បានហក់ឡើងយ៉ាងខ្លាំង ទោះបីជាទីផ្សារអចលនទ្រព្យមានភាពអាប់អួរនៅក្នុងឆមាសទីមួយឆ្នាំនេះក្តី។
យោងតាមរបាយការណ៍ស្តីពីទីផ្សារអចលនទ្រព្យនៅទីក្រុងហាណូយក្នុងឆមាសទីមួយ ដែលចេញផ្សាយដោយក្រុមហ៊ុន Savills Hanoi បានឱ្យដឹងថា ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ តម្លៃដាក់លក់បឋមនៅលើទីផ្សារអាផាតមុិនចំនួន៥៣លានដុងក្នុងមួយម៉ែត្រការ៉េ បានកើនឡើង១ភាគរយបើគិតពីមួយត្រីមាសទៅមួយត្រីមាស និងហក់ឡើង១៧ភាគរយបើគិតពីមួយឆ្នាំទៅមួយឆ្នាំ។
លោក Đỗ Thu Hằng នាយកជាន់ខ្ពស់ និងជាអ្នកផ្តល់សេវាប្រឹក្សានៃក្រុមហ៊ុន Savills Hanoi បានមានប្រសាសន៍ថា “ការហក់ឡើងថ្លៃនេះគឺដោយសារតែការកើនឡើងនៃតម្លៃដី និងតម្លៃសំណង់ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អគុណភាពផងដែរ”។
តម្លៃបន្ទាប់បន្សំ (Secondary prices) នៅក្នុងគម្រោងអាផាតមុិននៅជិតស្ថានីយ៍រថភ្លើងក្រោមដី 2A បានហក់ឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលកំណើននេះគឺខ្ពស់ជាងមធ្យមភាគទីផ្សារទៅទៀត។
លោក Hằng បានបញ្ជាក់ថា “តម្លៃលើផ្នែកអាផាតមុិនទាំងអស់ រាប់ចាប់តាំងពីឆ្នាំ២០២១ ត្រូវបានជំរុញឱ្យហក់ឡើងរហូតដល់កម្រិតដ៏ខ្ពស់មួយ ដែលបានធ្វើឱ្យអ្នកទិញមានក្តីព្រួយបារម្ភ”។
លោក Hằng បានបន្ថែមថា “ទីផ្សារអាផាតមុិននៅទីក្រុងហាណូយបានបន្តមិនមានតុល្យភាពនៅក្នុងលក្ខខណ្ឌនៃការផ្គត់ផ្គង់។ ទន្ទឹមគ្នានេះ ការផ្គត់ផ្គង់សរុបនៃអាផាតមុិនដែលមានតម្លៃសមរម្យក៏បានថយចុះមកនៅកម្រិតទាបផងដែរ”៕