ដោយ: គង់ លាងហួរ
អន្តរជាតិ: បន្ទុកបំណុលគ្រួសារក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរឡើង ខណៈការទូទាត់សង ដោយផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗកំពុងហក់ឡើងក្នុងល្បឿនលឿនបំផុតទី២ នៅលើពិភពលោក។
យោងតាមទិន្នន័យពីធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) កាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា អនុបាតបង់សងបំណុលរបស់ប្រទេសកូរ៉េ (DSR) ស្ថិតនៅត្រឹម១៣,៦ភាគរយ កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតទី២ ក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចធំៗទាំង១៧នៅលើពិភពលោក ។
លើសពីនេះ DSR របស់ប្រទេសខាងត្បូងបានកើនឡើង០,៨ភាគរយ បើធៀបនឹងឆ្នាំ២០២១ ពោលគឺជាអត្រាដ៏លឿនបំផុតទី២ផងដែរ បន្ទាប់ពីប្រទេសអូស្ត្រាលី។
-->
ដូច្នេះតើអ្វីទៅជា DSR? អនុបាទបង់សងបំណុល (Debt Service Ratio) ឬDSR គឺជាវិធីសាស្រ្តវាស់វែងទៅលើលទ្ធភាពនៃការបង់សងបំណុលត្រឡប់មកវិញរបស់អតិថិជន(កូនបំណុល)។
ក្រុមអ្នកឃ្លាំមើលទីផ្សារបានអះអាងថា ការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លារបស់ធនាគារកណ្តាលកូរ៉េ (BOK) បានធ្វើឱ្យបន្ទុកការប្រាក់មានសភាពកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសារ។
ជាក់ស្តែង ក្នុងឆ្នាំ២០២២ ធនាគារកណ្តាលកូរ៉េបានដំឡើងអត្រាគោលនយោបាយចំនួន៧ដង ដោយបង្កើនអត្រាការប្រាក់ពី១,២៥ភាគរយដល់៣,២៥ភាគរយ។
ជាមួយគ្នានេះ យោងតាមទិន្នន័យដាច់ដោយឡែកពីធនាគារកូរ៉េ (BOK) ក៏បានបង្ហាញផងដែរថា សមាមាត្របំណុលគ្រួសាររបស់ប្រទេសកូរ៉េខាងត្បូងធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) គឺជាកម្រិតខ្ពស់បំផុតទី៣នៅក្នុងពិភពលោក៕