ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញជម្រុញឲ្យរដ្ឋាភិបាលរៀបចំច្បាប់Zoning ឬច្បាប់កំណត់តំបន់ អភិវឌ្ឍន៍ឲ្យបានច្បាស់លាស់ ដើម្បីជម្រុញការលើកកំពស់ការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យ ប្រកបដោយនិរន្តរភាព។
អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន លោកឡោ វិចិត្របានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី២៣ កក្កដាថា នៅរាជធានីភ្នំពេញ ក៏ដូចជា បណ្តាខេត្តមានសក្តានុពលដូចជា ខេត្តសៀមរាប ព្រះសីហនុ កំពត ជាដើម រដ្ឋាភិបាលគួររៀបចំច្បាប់Zoning ដើម្បីអាចរៀបចំតំបន់ណាមួយជាតំបន់CBD តំបន់សាងសង់អាគារខ្ពស់ តំបន់លំនៅដ្ឋាន និងតំបន់អភិរ័ក្សជាដើម។
លោកឡោ វិចិត្របានបន្តថា អន្តរក្រសួងដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធាណៈការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃជាដើមគួរពិចារណាលើបញ្ហានេះឡើងវិញ។លោកបន្តថា ការមានប្លង់គោលអភិវឌ្ឍន៍រាជធានី រហូតដល់ឆ្នាំ២០៣៥ ពិតជាល្អ ប៉ុន្តែវាមិនបានជួយដល់ការអភិវឌ្ឍ ប្រកបដោយចីរភាពទេ ព្រោះវាគ្រាន់តែជាផែនការ ដែលមិនទាន់បានកំណត់ជាក់លាក់ ដែលមន្រ្តីដឹងលឺ ប៉ុន្តែមិនមានច្បាប់ណាចាប់បង្ខំឲ្យអនុវត្តន៍ទេ ហេតុនេះការមានច្បាប់Zoning គឺជាការកំណត់ច្បាស់លាស់មួយ ដែលអ្នកអភិវឌ្ឍន៍ត្រូវតែគោរពច្បាប់។
លោកបន្តថា “ការគ្មានច្បាប់Zoning នឹងមិនជួយដល់ការអភិវឌ្ឈនិងជម្រុញការងើបឡើង លើតម្លៃដីធ្លីបានប្រសើរឡើយ ស្របពេលទីផ្សារអចលនវត្ថុបច្ចុប្បន្នកំពុងមានបញ្ហា”។ជាមួយគ្នានេះ លោកបណ្ឌិតគី សេរីវឌ្ឍន៍អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជាកាលពីពេលថ្មីៗនេះ ក៏បានជម្រុញឲ្យរដ្ឋាភិបាលរៀបចំឲ្យមានការរៀបចំច្បាប់Zoning ឬច្បាប់កំណត់តំបន់អភិវឌ្ឍន៍ផងដែរ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋដឹងថា រដ្ឋាភិបាល មានផែនការអភិវឌ្ឍន៍លំនៅដ្ឋាន ឬឧស្សាហកម្មនៅតំបន់ណាជាដើម៕