ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលកំណើនយានយន្តកើនឡើងជាប្រចាំ ការកកស្ទះចរាចរណ៍ នឹងមានសភាពកាន់តែអាក្រក់ឡើងបន្តិចម្តងៗ នៅរាជធានីភ្នំពេញ ដែលទាមទារឲ្យអ្នកសាងសង់លំនៅដ្ឋាន ពិសេសអាគារពាណិជ្ជកម្ម ខុនដូនានាគិតគូរជាចម្បងលើចំណតយានយន្ត។
អគ្គនាយិកាក្រុមហ៊ុនAMATAK Property Service Co, Ltdលោកស្រីតាំង ហួរ បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីចុងសប្តាហ៍មុនថា ការវិនិយោគសាងសង់អាគារខ្ពស់ៗ ជាសណ្ឋាគារក្តី ជាអាផាតម៉ិន ជាខុនដូ និងអាគារពាណិជ្ជកម្មក្តី អ្នកអភិវឌ្ឍន៍ គួរផ្តោតការយកចិត្តទុកដាក់លើចំណតយានយន្ត ដើម្បីបញ្ចៀសហានិភ័យ នៃការខាតបង់ធ្ងន់ធ្ងរនាពេលអនាគត។
លោកស្រីបន្តថា “រាជធានីភ្នំពេញកាន់តែចង្អៀត ចំនួនយានយន្តកាន់តែកើនឡើង ហេតុនេះអ្នកអភិវឌ្ឍន៍ មិនគួរសន្សំសំចៃច្រើនពេកនោះទេ ពួកគាត់គួរគិតគូរលើចំណតយានយន្ត ឲ្យបានធំទូលាយ ដើម្បីសម្រួលការចូលចត”។លោកស្រីបន្តថា “នៅពេលអាគារខ្ពស់ៗគ្មានចំណតយានយន្តសមស្រប ម្ចាស់អាគារនឹងខាតបង់ប្រាក់ច្រើន និងធ្ងន់ធ្ងរដោយសារបញ្ហាចំណតនេះ នឹងក្លាយជាបញ្ហាប្រឈមកាន់តែធំនាពេលអនាគត”។
លោកស្រីតាំង ហួរបានបន្តថា កន្លងមក អ្នកសាងសង់អាគារការិយាល័យជួល អាគារពាណិជ្ជកម្ម មិនបានទុកចំណតឲ្យបានធំទូលាយ ពួកគាត់បានប្រឈមមុខនឹងបញ្ហាបាត់បង់អតិថិជន ក៏ដូចជាធ្វើឲ្យអាគាររបស់ពួកគេ មិនទាក់ទាញអ្នកជួលនោះឡើយ។
លោកស្រីតាំង ហួរបានបន្តថា ការរីកចម្រើនផ្នែកនគរូបនីយកម្ម ការរីកចម្រើនរាជធានីភ្នំពេញ និងកំណើនយានយន្ត កំណើនប្រជាសាស្រ្តបានហុចទាំងផលវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែផលអវិជ្ជមានជាច្រើននឹងកើតឡើង ដោយសារការកកស្ទះចរាចរណ៍ និងបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឲ្យរដ្ឋាភិបាល និងវិស័យឯកជនត្រូវធ្វើការរួមគ្នា ដើម្បីជម្រុញការអភិវឌ្ឍន៍ប្រកបដោយសុខដុមនីយកម្ម។
បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរថយន្តប្រមាណ៦០ម៉ឺនគ្រឿង និងម៉ូតូប្រមាណ២លានគ្រឿងចរាចរណ៍លើដងផ្លូវនានា៕