ដោយ: គង់ លាងហួរ
សៀងហៃៈ វិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានកើនឡើងកំដៅម្តងទៀតកាលពីថ្ងៃសុក្រ សប្តាហ៍មុន ខណៈដែលមានការដាំក្បាលចុះយ៉ាងគំហុកនៃភាគហ៊ុន និងសញ្ញាប័ណ្ណរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតមួយរបស់ប្រទេសចិនគឺ Country Garden។
ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden និងក្រុមហ៊ុនបុត្រសម្ព័ន្ធសេវាកម្មអចលនទ្រព្យរបស់ខ្លួន Country Garden Services Holdings បានធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ដោយបន្តពង្រីកការខាតបង់សម្រាប់ក្រុមហ៊ុន ដោយសារបញ្ហាបំណុល។
ភាគហ៊ុន Country Garden Services Holdings បានធ្លាក់ថ្លៃជាង៦ភាគរយ ខណៈដែលភាគហ៊ុន Country Garden បានធ្លាក់ថ្លៃជាង៣ភាគរយដល់កម្រិតទាបបំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមការចុះផ្សាយដោយសារពត៌មាន Reuter បានបង្ហាញឱ្យដឹងថាសន្ទស្សន៍ ភាគហ៊ុនអចលនទ្រព្យ Hang Seng Mainland បាន ធ្លាក់ ថ្លៃជិត៣ ភាគរយ។
Country Garden គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុង Guangdong នៃប្រទេសចិន ដែលជាកម្មសិទ្ធិរបស់គ្រួសារលោក Yang Guoqiang ។ កាលពីឆ្នាំ២០២០ ក្រុមហ៊ុនបានជាប់ចំណាត់ថ្នាក់ទី១៤៧ ក្នុងបញ្ជី Fortune Global 500។
វិស័យអចលនទ្រព្យ ដែលគ្របដណ្តប់ប្រហែល១/៤នៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចូលក្នុងវិបត្តិ ចាប់តាំងពីរដូវក្តៅនៃឆ្នាំ២០២០ បន្ទាប់ពីអ្នកអភិវឌ្ឍន៍ជាច្រើនបានខកខានទូទាត់សងបំណុលរបស់ពួកគេ និងផ្អាកគម្រោងសាងសង់៕