ដោយ: គង់ លាងហួរ
ហាណូយ: លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានឆន្ទៈជួយដល់ប្រទេសវៀតណាមក្នុងការផលិតឧបករណ៍ semiconductors និងជួយកែលម្អសមត្ថភាពថាមពលកកើតឡើងវិញរបស់ប្រទេសនេះឡើងវិញ។
លោកស្រីបានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថា “សហរដ្ឋអាមេរិកចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងការជំរុញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយភាពសេរី និងបើកចំហ”។
លោកស្រីJanet Yellen បានបន្តថា សហរដ្ឋអាមេរិកចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយវៀតណាម ព្រមទាំងផែនការពង្រឹងកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូដ៏ទូលំទូលាយ និងគួរឱ្យទុកចិត្តបាន។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះក៏បានផ្តល់នូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតពីរតនាគារសហរដ្ឋអាមេរិកសម្រាប់ធនាគាររដ្ឋវៀតណាម និងក្រសួងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើការបង្កើតគោលនយោបាយរូបិយវត្ថុ យន្តការអត្រាប្តូរប្រាក់ និងការទទួលបានធនធានហិរញ្ញវត្ថុអន្តរជាតិ។






