ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានថ្លែងថា អ្នកវិនិយោគអន្តរជាតិ នឹងចូលមកវិនិយោគច្រើន ពិសេសផ្នែកដីធ្លី សំណង់នានាច្រើនក្រោយការរៀបចំរដ្ឋាភិបាលថ្មី។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៤ កក្កដាថា ពេលណារដ្ឋាភិបាលថ្មីមកកាន់តែលឿន យើងមានអ្វីថ្មីៗ អ្នកវិនិយោគបរទេស នឹងចូលមកវិនិយោគលើវិស័យ ឧស្សាហកម្ម កសិកម្ម សណ្ឋាគារច្រើន។
លោកបន្តថា “បើនិយាយពីវិស័យអចលនទ្រព្យវិញ គឺមិនត្រឹមតែដីធ្លីទេ ប៉ុន្តែពួកគេនឹងវិនិយោគលើវិស័យសំណង់ច្រើន ព្រោះពួកគេរង់ចាំតែតែរដ្ឋាភិបាលថ្មី”។ លោកបន្តថា “ការបោះឆ្នោតដែលបានសុខសន្តិភាព និងមានលទ្ឋផលដូចមនុស្សមួយប្រទេសរំពឹងទុក ហើយដៃគូរបស់ខ្ញុំ ពួកគេបានប្រាប់ខ្ញុំថា ពួកគេនឹងត្រលប់មកវិញនៅរយៈពេល១សប្តាហ៍ ឬ១០ថ្ងៃក្រោយ”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា អ្វីពួកគេចង់បានគឺ សន្តិភាព ដីធ្លី ព្រោះបើគ្មានសន្តិភាពតម្លៃដីធ្លី ក៏មិនកើនឡើងដែរ ហេតុនេះអ្វីដែលពួកគេរង់ចាំ គឺលទ្ឋផលនៃការបោះឆ្នោត ហើយលទ្ឋផលបានចេញមកហើយ អញ្ចឹងអ្នកវិនិយោគបរទេស នឹងមកកាន់កម្ពុជាកាន់តែច្រើន៕






