ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុប ព្រមានពីការធ្លាក់ចុះតម្រូវការធ្វើដំណើរក្នុងឆមាសទី២ឆ្នាំនេះ

0

ដោយៈ តែម សុខុម

ក្រុងឡុងដ៍: ឧស្សាហកម្មធ្វើដំណើរ បានជម្នះការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយទទួលបានការកក់ទុក និងប្រាក់ចំណេញយ៉ាងច្រើនមិនធ្លាប់មាន ខណៈតម្រូវការកើនឡើង ក្រោយវិបត្តិកូវីដ-១៩ បានជំរុញការចំណាយលើសំបុត្រយន្តហោះ និងសណ្ឋាគារ។ ទោះជាយ៉ាងណា វាប្រហែលជាចាប់ផ្តើមប្រែប្រួល។

ក្រុមហ៊ុន Ryanair ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុប បើគិតពីចំនួនអ្នកដំណើរ បានព្រមានកាលពីថ្ងៃច័ន្ទ ទី២៤ ខែកក្កដា ថា អតិផរណាខ្ពស់ និងអត្រាការប្រាក់កើនឡើង អាចធ្វើឱ្យចំណង់ធ្វើដំណើរតាមផ្លូវអាកាស ធ្លាក់ចុះនៅឆមាសទី២ ចុងឆ្នាំនេះ។

តាមរយៈវីដេអូមួយបង្ហោះ លើគេហទំព័ររបស់ក្រុមហ៊ុន Ryanair នាយកប្រតិបត្តិក្រុមហ៊ុននេះលោក Michael O’Leary លើកឡើងថា “យើងព្រួយបារម្ភអំពីផលប៉ះពាល់ នៃនិន្នាការម៉ាក្រូសេដ្ឋ​កិច្ចទាំងនេះ ដែលអាចនឹងប៉ះពាល់ដល់ ការចំណាយរបស់អតិថិជននៅក្នុងឆមាសទី២ ចុងឆ្នាំនេះ”។

ជាការកត់សម្គាល់ ការធ្វើដំណើរបានស្ទុះងើបឡើងវិញយ៉ាងរហ័ស បន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយសារមនុស្សម្នាក់ ត្រូវទៅដើរលេងកម្សាន្តនៅកន្លែងថ្មីៗ ជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិក្រោយពីជាប់នៅតែផ្ទះទៅណាមិនរួច។

កំណើននៃការធ្វើដំណើរនោះ បានធ្វើឱ្យក្រុមហ៊ុនដឹកជញ្ជូនដូចជាក្រុមហ៊ុន Ryanair ជាដើមដំឡើងថ្លៃសំបុត្រធ្វើដំណើរ សូម្បីកំណើនសេដ្ឋកិច្ចបានជាប់គាំង នៅក្នុងទីផ្សារធំៗបំផុតមួយចំនួនរបស់ខ្លួនយ៉ាងណាក្ដី៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here