ក្រុមហ៊ុនNAGA រកប្រាក់ចំណេញបាន៨៣លានដុល្លារ នៅឆមាសទី១

0

ដោយៈ និស្ស័យ

        ភ្នំពេញៈ ក្រុមហ៊ុន NagaCorp បាន​ចុះបញ្ជី​ភាគហ៊ុន​នៅ​ទីក្រុង​ហុងកុង​ បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន​ សម្រេចបាន​ចំនួន៨៣លាន​ដុល្លារ​អាមេរិក នៅ​ឆ​មាស​ទី​១ ឆ្នាំនេះ។

ផលចំណេញនេះ មានភាពអំណោយផល ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ​ពី​បណ្តា​ប្រទេស​នានា​នៅ​អាស៊ាន និង​ការ​ត្រឡប់​មកវិញ​បន្តិច​ម្តងៗ ​នៃភ្ញៀវ​ទេចរមកពី​ប្រទេស​ចិន​។​

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​ចេញ ផ្សាយ​កាលពី​ថ្ងៃទី១៩ ខែកក្កដាកន្លងមកបានឲ្យដឹងថា ក្នុង​រយៈពេល​កន្លងមក​នេះ ក្រុមហ៊ុន​បាន​បន្ត​ឃើញ​ការ​ងើបឡើង​វិញ​នៃ​អាជីវកម្ម​ជា​វិជ្ជមាន។ ក្នុងនោះ​ប្រាក់ចំណេញ​សុទ្ធ​ បាន​កើនឡើង ៥៧,៤ ភាគរយ ដោយ​សម្រេចបាន​ រហូត​ដល់៨៣លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​របាយការណ៍ដដែល​នេះ​បាន​លើក​ឡើងថា ​ដោយ​មើលឃើញ​ពី​ដំណើរការ​​ប្រកបដោយ​ស្ថិរភាព ​របស់​ក្រុមហ៊ុន​ជាមួយនឹង​ការ​ស្តារឡើងវិញ​បន្តិច​ម្តងៗ នៃ​ការធ្វើដំណើរ​ពី​ប្រទេសជិតខាង និង​ការ​ផ្តោតអារម្មណ៍​យ៉ាងខ្លាំង ​លើ​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​បាន​បន្ត​វិធានការ​ត្រួតពិនិត្យ​ថ្លៃដើម​យ៉ាង​តឹងរ៉ឹង និង​គំនិត​ផ្តួចផ្តើម​ប្រសិទ្ធភាព​ប្រតិបត្តិការ ដែល​នាំឱ្យមាន​ប្រាក់ចំណេញ​កាន់តែ​ខ្ពស់​​។លទ្ធផល​វិជ្ជមាន​គឺ​បណ្តាល មកពី​កំណើន​អាជីវកម្ម​នៅ​គ្រប់ផ្នែក​ទាំងអស់​។​

យោងតាមរបាយការណ៍នេះបានបង្ហាញងថា ​ក្រុម​ហ៊ុន​បន្ត​ទទួលបាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ ដែល​កំពុង​កើនឡើង​នៅក្នុង​ប្រទេ​ស​កម្ពុជា ដែល​បាន​បង្ហាញថា​ជា​អាជីវកម្ម ​គឺអាច​រស់​ដោយ​ខ្លួនឯង។ ការ​រស់​ឡើងវិញ ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​ ហាក់ដូច​ជាមាន​ការរីក​ចម្រើន ហើយ​កម្ពុជា​កំពុង​បង្ហាញ​ ពី​ការ​ងើប​ឡើងវិញ​យ៉ាងច្រើន ​នៅក្នុង​វិស័យ​ទេសចរណ៍​របស់ខ្លួន​។ លំហូរ​ភ្ញៀវទេសចរ​អន្តរជាតិ​ជា​បន្តបន្ទាប់​បាន និងកំពុង​រួមចំណែក​ដល់​សកម្មភាព​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ។​

កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ​ជាង ២,១៦ លាន​នាក់​ក្នុង​រយៈពេល៥ខែ​ដំបូង​នៃ​ឆ្នាំនេះ កើនឡើង៧៥ភាគរយ ​នៃ​ចំនួន​ដែល​បាន​កត់ត្រា​ក្នុង​រយៈពេល​ដូចគ្នា​ នៃ​ឆ្នាំមុន​ការ​រាតត្បាត​ក្នុង​ឆ្នាំ២០១៩។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​។​

រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ លោក ថោង ខុន បាន​និយាយ​កាលពី​ចុងខែ​មិថុនា​ថា ក្រសួង​សង្ឃឹមថា នឹង​ឃើញ​ចំនួន​ភ្ញៀវ​អន្តរជាតិ​លើសពី៤,៥លាន​នាក់​ពេញ​១​ឆ្នាំនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here