ដោយ: គង់ លាងហួរ
អន្តរជាតិ: ការចុះបញ្ជីសាជីវកម្មថ្មីត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៨៣.០០០ ទៅ-៩០.០០០សាជីវកម្មនៅឆ្នាំនេះ កើនលើសពីការព្យាករពីមុន ដោយសារការកើនឡើង នៃភ្ញៀវទេសចរបរទេស និងការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ។ នេះបើយោងតាមនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្ម។
លោក Thosapone Dansuputra អគ្គនាយកនៃនាយកដ្ឋានអភិវឌ្ឍពាណិជ្ជកម្មបានអះអាងថា នាយកដ្ឋានរបស់លោកពីមុនបានប៉ាន់ប្រមាណថា ចំនួននៃការចុះបញ្ជីអាជីវកម្មថ្មី នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ នឹងមានត្រឹមតែចន្លោះពី៤២.០០០ ទៅ៤៥.០០០សាជីវកម្មប៉ុណ្ណោះ ប៉ុន្តែចំនួនជាក់ស្តែងបានកើនឡើងដល់៤៧.២៩៦។
លោកបានបន្តថា ដោយសារនិន្នាការរីកចម្រើនជាវិជ្ជមាន ឥឡូវនេះ នាយកដ្ឋានបានកែសម្រួល ការប៉ាន់ប្រមាណរបស់ខ្លួន ដោយចំនួននៃការចុះបញ្ជីសាជីវកម្មថ្មី នៅក្នុងឆមាសទី២ ត្រូវបានព្យាករថានឹងមានចំនួន៣៦.០០០ទៅ៤៣.០០០ ដែលបង្កើនចំនួនសរុបពេញមួយឆ្នាំ រហូតដល់ប្រហែល៨៣.០០០ ទៅ៩០.០០០ ដែលកើនឡើងពីអាជីវកម្មថ្មីចំនួន៧៦.៤៨៨ ដែលបានចុះឈ្មោះក្នុងឆ្នាំ២០២២។
នាយកដ្ឋានបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ ចំនួននៃការចុះបញ្ជីអាជីវកម្មថ្មី បានហក់ឡើង១៧,៣% ដល់៤៧.២៩៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ចំណែក ដើមទុនដែលបានចុះបញ្ជី មានប្រហែល៤២៩ពាន់លានបាត ដែលតំណាងឱ្យការហក់ឡើង៥៣% ។
ទន្ទឹមគ្នានេះដែរ វិស័យកំពូលទាំង៣ ដែលមានចំនួនចុះបញ្ជីអាជីវកម្មថ្មីច្រើនជាងគេបំផុតគឺ វិស័យសំណង់អគារទូទៅ វិស័យអចលនទ្រព្យ និងវិស័យអាជីវកម្មសណ្ឋាគារ/ភោជនីយដ្ឋាន។
ផ្ទុយទៅវិញ គេក៏សង្កេតឃើញមានការបិទអាជីវកម្ម ចំនួន៧.០៩៧ផងដែរ ក្នុងអំឡុងពេលដូចគ្នា ដែលតំណាងឱ្យការហក់ឡើង១៨% បើធៀបនឹងឆ្នាំមុន និងការថយចុះ១៥% នៃដើមទុនចុះបញ្ជី ដែលស្មើនឹងទឹកប្រាក់៤៩,៦ពាន់លានបាត៕






