ដោយៈ គង់ សូរិយា
ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា នៅតែបង្ហាញសញ្ញាវិជ្ជមាន ជាមួយកំណើនជើងហោះហើរប្រចាំសប្តាហ៍។អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងកាលពីថ្ងៃទី២៤ កក្កដាថា ទោះបីកម្ពុជារៀបចំការបោះឆ្នោតជាតិ ក្នុងខែនេះក៏ដោយ ក៏ចំនួនជើងហោះហើរនៅតែកើនឡើង និងគ្មានការលុបចោលជើងហោះហើរឡើយ។
លោកបន្តថា គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាកំពុងរៀបចំការបោះឆ្នោតជាតិលើកទី៧ ចំនួនជើងហោះហើរ នៅព្រលានយន្តហោះអន្តរជាតិទាំង៣ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់។ លោកបន្ថែមថា ចាប់ពីដើមខែកក្កដា ដល់សប្ដាហ៍ទី២ ខែកក្កដា ជើងហោះហើរនៅព្រលានយន្តហោះ អន្តរជាតិទាំង៣ទទួលបាន៨៥០ លើកក្នុង១សប្តាហ៍ ហើយចំនួននេះកើនដល់៨៧៨ជើង ក្នុង១សប្តាហ៍ចាប់ពីសប្តាហ៍ទី៣ និងទី៤ នៃខែកក្កដា។
លោកស៊ិន ចាន់សេរីវុត្ថាបានបញ្ជាក់ថា “បើផ្អែកលើទិន្នន័យដែលខ្ញុំ ទទួលបានពីក្រុមហ៊ុនអាកាសចរណ៍ ដែលដាក់ជូនពួកយើង គឺខ្ញុំមិនឃើញជើងហោះហើរណាមួយ ត្រូវបានលុបចោល ដោយសារក្តីបារម្ភពីការបោះឆ្នោតជាតិនោះទេ”។ លោកបន្ថែមថា “ផ្ទុយទៅវិញ យើងទទួលបាន ការកើនឡើង២៧ជើងហោះហើរ ក្នុង១សប្ដាហ៍ ចាប់ពីសប្ដាហ៍ទី៣ និងសប្ដាហ៍ទី៤ ខែកក្កដា”។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោកធួន ស៊ីណានបានមានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់តាំងពីចុងឆ្នាំមុន ប៉ុន្តែវានៅតែទាប បើធៀបមុនពេលមានការរីករាលដាលជំងឺកូវីដ១៩។លោកបានសង្កេតឃើញថា “បើទោះកម្ពុជាកំពុងរៀបចំការបោះឆ្នោតជាតិ ប៉ុន្តែចំនួនភ្ញៀវទេសចរបរទេសនៅតែមកកម្ពុជាដដែល។
យោងតាមតួលេខភ្ញៀវទេសចរបរទេស ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន៥៧២,៤៧២នាក់ កើន២៦៤ ភាគរយ។ ព្រលានយន្តហោះអន្តរជាតិសៀមរាប ២០១,៤៩០នាក់ កើន ៨៩៣,៦ភាគរយ និងព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ៦៨៣៣នាក់ កើនឡើងជាង៣៧ភាគរយ៕






