ដោយៈ ជេស៊ីកា
ភ្នំពេញៈ ស្របពេលវិស័យអចលនវត្ថុ និងសំណង់នៅកម្ពុជាកំពុងជួបផលលំបាក អ្នកជំនាញជើងចាស់ក្នុងវិស័យនេះ បានលើកឡើងនូវគំនិតមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។
វិស័យនេះ បាននិងកំពុងជួបបញ្ហាប្រឈមជាច្រើន ដោយសារវិបត្តិជំងឺកូវីដ១៩ និងការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក កំពុងងើបឡើងវិញយឺតៗ និងស្ថិតក្នុងសញ្ញាមិនច្បាស់លាស់។
អគ្គនាយកក្រុមហ៊ុនR- Investment Group លោកឧកញ៉ាបណ្ឌិតតេង រិទ្ឋីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី២៥ កក្កដាថា ការដោះស្រាយបញ្ហានេះ ទាមទារនូវយន្តការសំខាន់ៗចំនួនបីដូចជា ទី១ ការចូលរួមរបស់រដ្ឋាភិបាល ដែលត្រូវតែមានដំណោះស្រាយ និងជួយដល់ផ្តល់នូវលក្ខខ័ណ្ឌល្អដូចជាការ អនុគ្រោះលើឯកសារច្បាប់ផ្សេងៗ ដែលធ្វើឲ្យអ្នកវិនិយោគមិនមានបញ្ហាផ្លូវចិត្ត និងជួយសម្រួលបែបបទនិតិវិធីឲ្យបានលឿន ទាក់ទងការទិញលក់អចលនទ្រព្យ និងជួយសម្រួលឯកសារច្បាប់ ដើម្បីឲ្យអ្នកវិនិយោគមានភាពងាយស្រួល ដើម្បីឲ្យប្រជាពលរដ្ឋទិញ លក់ ដោយគ្មានការភ័យខ្លាច។ ទី២ វិស័យហិរញ្ញវត្ថុ គឺគ្រឹះស្ថានធនាគារនានាគួរផ្តល់ឥណទាន និងអនុគ្រោះដល់កម្ចីនានា ដោយសារបច្ចុប្បន្នធនាគារនានា មិនផ្តល់ឥណទាន ដល់អ្នកវិនិយោគអចលនទ្រព្យសោះ ដែលធ្វើឲ្យអ្នកវិនិយោគមិនអាចសាងសង់ផ្ទះ សណ្ឋាគារ និងដីបានឡើយ។ បច្ចុប្បន្នឲ្យតែនិយាយពីការអភិវឌ្ឍន៍ និងវិនិយោគក្នុងវិស័យអចលនទ្រព្យ ធនាគារមិនផ្តល់ឲ្យឡើយ ដែលបញ្ហានេះធនាគារ គួរតែផ្តល់ការអនុគ្រោះ និងផ្តល់ឥណទានលើវិស័យនេះឡើងវិញ។

ទី៣ លោកឧកញ៉ាបានបន្តថា ”ខ្ញុំយល់ថាអចលនាប្រជាជនយើង គួរត្រូវបានលើកទឹកចិត្ត កុំចាំមើលគ្នា និងមានអារម្មណ៍ភ័យខ្លាចក្នុងការទិញ លក់ផ្ទះសម្បែង ដែលធ្វើឲ្យវិស័យនេះជាប់គាំងទាំងអស់គ្នា”។ លោកបន្តថា “បច្ចុប្បន្ន ខ្ញុំសង្កេតឃើញគាត់មានតម្រូវការតែគាត់មិនធ្វើសកម្មភាព ដោយសារតែគាត់ខ្លាចឬបារម្ភ ដែលធ្វើឲ្យប៉ះពាល់ទាំងអស់គ្នា”។ លោកបន្តទៀតថា តាមពិតវិស័យអចលនទ្រព្យយើង នៅតែដំណើរការនៅឡើយទេ គឺប្រជាពលរដ្ឋនៅតែមានតម្រូវការផ្ទះ សម្បែងធម្មតា តែផលប៉ះពាល់ក្រោយកូវីដ១៩ មិនសូវមានផលប៉ះពាល់ដល់វិស័យផ្សេងធ្ងន់ធ្ងរទេ តែវិស័យអចលនទ្រព្យបានរងផលប៉ះពាល់ ដោយសារការភ័យខ្លាច និងវិបត្តិសាកល ដែលធ្វើឲ្យមានបញ្ហាដល់សង្គមទាំងមូល។
លោកបណ្ឌិតតេង រិទ្ឋីបានបន្តថា “អ្វីជាសំណូមពរ គឺប្រជាពលរដ្ឋកុំមានការភ័យខ្លាច តែគួរវិនិយោគផ្ទះសម្បែងសម្រាប់ការស្នាក់នៅគួរតែធ្វើចុះ ប៉ុន្តែបើការវិនិយោគ ដោយមានការបញ្ចុះបញ្ចូលដោយប្រាប់ពីផលចំណេញ ពួកគាត់គួរប្រុងប្រយ័ត្នផងដែរ”។
ជាមួយគ្នានេះ លោកច្រឹក សុខនីម អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនCentury21 Mekong បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការគាំទ្រពីរដ្ឋាភិបាលពិតជាមានសារៈសំខាន់ណាស់ ដើម្បីជម្រុញឲ្យវិស័យនេះងើបឡើងមកវិញ។ អ្វីដែលលោកសំដៅ គឺរដ្ឋាភិបាលគួរបញ្ចេញកញ្ចប់ឥណទានពិសេសណាមួយ ដើម្បីជួយដល់អ្នកនៅក្នុងវិស័យនេះអាចធ្វើសកម្មភាពបាន។ លោកបន្តថា “លើសពីនេះ ធនាគារនានាក៏គួរផ្តល់នូវការអនុគ្រោះលើឥណទាន និងបញ្ចេញឥណទាន ដើម្បីជួយស្រោចស្រង់វិស័យនេះឲ្យងើបឡើងវិញបានឆាប់រហ័ស”។

ទន្ទឹមនឹងនេះ លោកឧកញ៉ានួន រិទ្ឋី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKFA ដែលជាជើងចាស់មួយរូបក្នុងវិស័យនេះ បានលើកឡើងនូវគំនិតមួយចំនួន ទាក់ទងនឹងវិបត្តិនេះផងដែរ។ លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា ដើម្បីធ្វើឲ្យវិស័យនេះ កំរើកឡើងវិញនៅក្នុងដំណាក់កាលនេះ គឺពាក់ព័ន្ឋនឹងវិបត្តិលំហូរសាច់ប្រាក់ទាំងក្នុង និងក្រៅប្រទេស ដែលតាមពិតវិស័យនេះ មិនទាន់ឆ្អែតនៅឡើយទេ។ លោកបន្តថា “វិស័យនេះពាក់ព័ន្ឋនឹងចរន្តសាច់ប្រាក់ ដែលបញ្ហានេះបានគាំងជាសាកល មិនមែនតែកម្ពុជានោះទេ”។ លោកបន្តថា “ហេតុនេះ ដើម្បីឲ្យវិស័យនេះងើបឡើងវិញ គួរមានយន្តការលើកទឹកចិត្ត គឺការផ្តល់ការស្នាក់នៅរយៈពេលវែង ការផ្តល់សញ្ជាតិ និងការវិនិយោគនៅតំបន់ណាមួយ ដែលជនបរទេសអាចទិញដីធ្លីបាន”។
លោកបានលើកជាឧទាហរណ៍ថា វិស័យអចលនទ្រព្យមានបួនផ្នែកដូចជា កសិកម្ម ឧស្សាហកម្ម លំនៅដ្ឋាន និងពាណិជ្ជកម្ម ហេតុនេះរដ្ឋាភិបាល ចង់ជម្រុញវិស័យណាឲ្យងើបឡើងវិញ គឺរដ្ឋាភិបាលគួរមានយន្តការលើកទឹកចិត្តជនបែបណា ដើម្បីឲ្យពួកគេមកវិនិយោគនៅកម្ពុជា។ លោកឧកញ៉ានួន រិទ្ឋីបានបន្តថា អញ្ចឹងត្រូវមើលច្បាប់របស់យើងដែរថា តើរដ្ឋធម្មនុញ្ញរបស់យើងអនុញ្ញាត្តឲ្យជនបរទេស មានសិទ្ឋទិញដីឬទេ? បើមិនទាន់អនុញ្ញាត្ត រដ្ឋាភិបាលគួរបង្កើតហ្សូនណាមួយឲ្យជនបរទេសអាចទិញដីបាន ឬក៏ជនបរទេសវិនិយោគក្នុងទំហំទឹកប្រាក់ប៉ុណ្ណា អាចផ្តល់សញ្ជាតិជូនពួកគាត់បាន។

លោកបន្តថា ដូចជាក់ស្តែងនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ គឺជនបរទេសអាចមានសិទ្ឋទិញដីបាន ដោយសារខេត្តនោះមានការអភិវឌ្ឍយឺត ដូច្នេះរដ្ឋាភិបាលថៃ លើកទឹកចិត្តឲ្យជនបរទេសទិញដី នៅខេត្តរ៉ាក់យ៉ងបាន ហើយធ្វើឲ្យតម្លៃដី និងសេដ្ឋកិច្ចនៅតំបន់នោះងើបឡើងវិញ។ ចំណែកផ្នែកខុនដូវិញ ដើម្បីយើងអាចស្តារខុនដូបាន រដ្ឋាភិបាលអាចផ្តល់នូវការស្នាក់នៅ រយៈពេលវែងនៅកម្ពុជា ឬជនបរទេសវិនិយោគក្នុងទំហំទឹកប្រាក់២០ ទៅ៣០ម៉ឺនដុល្លារ ពួកគេអាចទទួលបានប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍នៅកម្ពុជា គឺសុទ្ឋតែជាយន្តការដែលរដ្ឋាភិបាលគួរពិចារណាផងដែរ។
ចំណែកលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង ធ្លាប់បានលើកឡើងកន្លងមកផងដែរថា រដ្ឋាភិបាលគួរបង្កើតតំបន់មួយ ដែលអនុញ្ញាត្តឲ្យជនបរទេសអាចមានសិទ្ឋទិញដីបាន និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់នោះ ដោយសាងសង់រោងចក្រឲ្យអ្នកវិនិយោគបរទេស ប្រើប្រាស់ដោយឥតគិតថ្លៃ និងលើកទឹកចិត្តទាំងថ្លៃទឹក ថ្លៃភ្លើង លោកជឿថាតំបន់នោះនឹងរីកចម្រើនខ្លាំង និងទាក់ទាញការវិនិយោគកាន់តែច្រើន ហើយតំបន់ជុំវិញនោះពី៥ ទៅ១០គីឡូម៉ែត្រ ក៏នឹងទទួលបានផលពីតំបន់នោះផងដែរ។

លោកបណ្ឌិតបានបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គួរលើកទឹកចិត្តឲ្យជនជនជាតិខ្មែរ រស់នៅក្រៅប្រទេសឲ្យចូលមកវិនិយោគនៅកម្ពុជាឲ្យបានច្រើន ព្រោះជនជាតិខ្មែររស់នៅបរទេសមានប្រាក់ច្រើនណាស់។ លោកបន្តថា “ទំហំទឹកប្រាក់របស់ជនជាតិខ្មែរ រស់នៅបរទេស មានទំហំធំណាស់ ហេតុនេះបើសិនជាពួកគាត់ ត្រូវបានលើកទឹកចិត្តមកវិនិយោគនៅក្នុងស្រុកវិញ ខ្ញុំជឿថាវិស័យអចលនទ្រព្យនឹងរីកចម្រើនខ្លាំង ហើយសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះឡើងវិញលឿន”៕