ដោយ៖សហការី
ភ្នំពេញ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៤០ លានដុល្លារដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការពង្រឹងបន្ថែម ការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈ កំណែ ទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ។ នេះបើ យោងតាមសេចក្តីប្រកាសពត៌មានរបស់ADBនាថ្ងៃទី២៦ខែកក្កដា។
កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រង ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ លើកទីពីរនេះនឹងបញ្ចប់កំណែទម្រង់ ជាបន្តបន្ទាប់ដើម្បីពង្រឹងតួនាទី និង សមត្ថភាព របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។កំណែទម្រង់ ក្រោមកម្មវិធីរង ទីពីរនេះ ត្រូវបានរៀបចំឡើងដើម្បី ពង្រឹងការធ្វើផែនការនិងរៀបចំថវិកា ការគ្រប់គ្រងចំណូលនិងចំណាយនិងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋានដើម្បីផ្តល់សេវាកម្ម ប្រសើរឡើង,លើកកម្ពស់ការធ្វើផែនការរដ្ឋាភិបាលមូលដ្ឋាន, និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មាន ប្រសាសន៍ថា«កំណែទម្រង់ និងដំណោះស្រាយឌីជីថលដែលត្រូវបាន អនុវត្តក្នុងកម្មវិធីនេះនឹងជួយតម្រង់ផែនការ កម្រិតមូលដ្ឋាន ជាមួយនឹងថវិកាជាតិនិងខេត្តសម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពនិង សមធម៌ ដូចជាការទទួលបានទឹកស្អាតអនាម័យ និង ការអប់រំជាដើម។វិធានការ ដែលអនុវត្តក្នុងកម្មវិធីនេះក៏នឹងជំរុញការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងកម្រិត មូលដ្ឋានផងដែរ។»
កម្មវិធីនេះបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADBលើកំណែទម្រង់វិមជ្ឈ ការ ក្នុងប្រទេសកម្ពុជា រួមទាំងការបង្កើតគោលនយោបាយនិងក្របខ័ណ្ឌ បទប្បញ្ញត្តិសម្រាប់ដំណើរការ វិមជ្ឈការ ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។ ADBបានជួយបង្កើតការិយាល័ សេវាច្រកចេញ ចូលតែមួយ សម្រាប់ការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការក៏ដូចជា ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ដើម្បីត្រួតពិនិត្យភាពប្រសើរឡើងនៃ វិសាលភាព
និងគុណ ភាព នៃសេវាកម្មដែលបានផ្តល់។






