ដោយ: គង់ លាងហួរ
ព្រះសីហនុ: បន្ទាប់ពីបញ្ចប់ការសិក្សា នៅថ្នាក់មហាវិទ្យាល័យ លោក Yue Xiduo ដែលកើតក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០ កំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន ផលិតសំបកកង់រថយន្តមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
បុរសរូបនោះបានលើកឡើងថា លោកជ្រើសរើសធ្វើការនៅទីនេះ ដោយសារតែតំបន់សេដ្ឋកិច្ចពិសេស គឺជាគម្រោងដ៏សំខាន់មួយសម្រាប់ប្រទេសមួយ ដែលស្ថិតនៅតាមបណ្តោយគម្រោង ខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។
ជាក់ស្តែង ក្រុមហ៊ុនចិនជាច្រើន បានចូលមកបណ្តាក់ទុនក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអាចបង្កើតការងារបានជិត៣ម៉ឺននាក់ ហើយក៏មានជនជាតិចិនជាង១ពាន់នាក់ ចូលមកធ្វើការនៅក្នុងតំបន់នេះផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានស្រូបទាញលំហូរនៃការវិនិយោគផ្ទាល់ពីប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
លោក Yue Xiduo ដែលជានិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បានធ្វើការសម្រេចចិត្តធ្វើការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដោយសារតែសារៈសំខាន់របស់តំបន់នេះ នៅក្នុងគំនិតផ្តួចផ្តើម BRI ។មូលដ្ឋានផលិតកម្ម ដែលលោកYue កំពុងធ្វើការ មានសមត្ថភាពផលិតសំបកកង់រថយន្ត ដឹកអ្នកដំណើរដែលមានសមត្ថភាពខ្ពស់ចំនួន៥លានគ្រាប់ ព្រមទាំងអាចផលិតសំបកកង់រថយន្ត ដឹកទំនិញ និងសំបកកង់រថយន្តក្រុង ដឹកអ្នកដំណើរចំនួន៩០ម៉ឺនគ្រាប់ក្នុងមួយឆ្នាំ៕