ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រភពបានបង្ហើបឲ្យដឹងថា គំរោងអាគារខុនដូ និងបុរីលំនៅដ្ឋានថ្មីៗមួយចំនួន ត្រៀមបើកការដ្ឋានសាងសង់ ចាប់ពីខែសីហាខាងមុខនេះ រហូតដល់ចុងឆ្នាំនេះ។
អគ្គនាយកក្រុមហ៊ុនERA Cambodia លោកខន គង្គាបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីសប្តាហ៍មុនថា ក្រោយការបោះឆ្នោត និងការបង្កើតរដ្ឋាភិបាលថ្មី ម្ចាស់គំរោងខុនដូថ្មីៗមួយចំនួន នឹងបើកការដ្ឋានសាងសង់ នៅអំឡុងខែសីហា រហូតដល់ដំណាច់ឆ្នាំនេះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
លោកបន្តថា “អ្នកវិនិយោគបរទេស បាននិងកំពុងត្រៀមសាងសង់ខុនដូរបស់ខ្លួនហើយ នៅពេលស្ថានភាពនយោបាយកំពុងមានភាពល្អប្រសើរបែបនេះ”។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងសារពិសេសនៅថ្ងៃទី២៦ កក្កដានេះថា លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងឡើងកាន់ដំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែសីហាខាងមុខនេះ។
លោកខន គង្គាបានបន្តថា ស្ថានភាពទីផ្សារនឹងវិវត្តន៍ល្អប្រសើរឡើងវិញបណ្តើរៗ ក្រោយការបោះឆ្នោត ដោយអ្នកវិនិយោគក្នុងស្រុក និងបរទេសនឹងចាប់ផ្តើមបញ្ចេញទុនរបស់ពួកគេ។
ជាមួយគ្នានេះ លោកស៊ុន មេសាប្រធានក្រុមលក់នៃក្រុមហ៊ុនCentury21 Mekongបានមានប្រសាសន៍ឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ បុរីថ្មីមួយនឹងបើកដំណើរការសាងងសង់ជាផ្លូវការ ដោយសារពួកគេមើលឃើញថា ស្ថានភាពទីផ្សារកំពុងវិវត្តន៍ ល្អប្រសើរបណ្តើរៗឡើ់ងវិញ។
ទោះជាយ៉ាងណាទាំងលោកខន គង្គា និងលោកស៊ុន មេសាមិនទាន់បង្ហើបឲ្យដឹងពីឈ្មោះ គំរោងទាំងនោះនៅឡើយទេ ដោយសារម្ចាស់គំរោង មិនទាន់អនុញ្ញាត្តឲ្យដឹង ដល់បណ្តាញសារព៌តមាននានា៕