ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោនៈ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានព្យាករណ៍ពីភាពប្រសើរឡើងបន្តិច នូវទស្សនវិស័យរបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយផ្អែកលើសកម្មភាពផ្នែកសេវាកម្មដែលអាចធន់ទ្រាំបាន នៅក្នុងត្រីមាសទីមួយ និងទីផ្សារការងារដ៏រឹងមាំ។
IMF បានប្រកាសនៅក្នុងរបាយការណ៍ថ្មីមួយថា ទោះបីជាមានទស្សនវិស័យសេដ្ឋកិច្ចល្អ ប្រសើរបន្តិចយ៉ាងណាក្តី ក៏កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថា នឹងថយចុះមកត្រឹម៣% នៅឆ្នាំ២០២៣នេះ។
-->
លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានបញ្ជាក់ប្រាប់សារពត៌មាន AFP ក្នុងបទសម្ភាសន៍មួយមុនការបោះពុម្ពរបាយការណ៍ថា “យើងមិនទាន់ចេញផុតពីគ្រោះថ្នាក់ ឬការលំបាកនៅឡើយទេ ហើយកំណើននៅតែស្ថិត ក្នុងកម្រិតទាបជាងមធ្យមភាគ”។
ការព្យាករកំណើនសេដ្ឋកិច្ចសកល សម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានបង្កើន០,២ភាគរយ ពីការព្យាករចុងក្រោយរបស់ IMF ក្នុងខែមេសា ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ស្ថិតនៅលើផ្លូវសម្រាប់ឆ្ពោះទៅរកកំណើន៣% ក្នុងឆ្នាំនេះ និងឆ្នាំ២០២៤ខាងមុខ។
ជាក់ស្តែង IMF បានបង្កើនទស្សនវិស័យរបស់ខ្លួន សម្រាប់កំណើនរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ រហូតដល់១,៨% ពោលគឺកើនឡើង០,២ភាគរយ ធៀបនឹងការព្យាករក្នុងខែមេសា ដោយ IMF លើកឡើងពីកំណើន នៃការប្រើប្រាស់ដ៏មានភាពធន់ របស់អាមេរិកនៅក្នុងត្រីមាសទី១។
ការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ IMF សម្រាប់ប្រទេសចិន នៅតែគ្មានអ្វីផ្លាស់ប្តូរ ពោលគឺ IMF បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ក្នុងរង្វង់៥,២%ដដែ
ផ្ទុយទៅវិញ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌារហូតដល់៦,១% ពោលគឺកើនឡើង០,២% ធៀបនឹងការព្យាករក្នុងខែមេសា៕