Hattha top Banner

ក្រុមការងារអន្តរក្រសួងរៀបចំទីតាំងចំនួន៣ដើម្បីទទួលយកសំណូមពរម្ចាស់អាគារជាប់គាំងនៅក្រុងព្រះសីហនុ

0

        ដោយៈ ជេស៊ីកា

        ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានបង្ហើបឲ្យដឹងថា តាមរយៈកិច្ចប្រជុំអន្តរក្រសួង កាលពីពេលថ្មីៗនេះ បានសម្រេចបង្កើតលេខាធិការដ្ឋានចំនួន៣ ដើម្បីទទួលយកសំណូមពរ និងសំណើរផ្សេងៗពីម្ចាស់អាគារ ឬម្ចាស់ដីដើម្បីដោះស្រាយវិវាទក្រៅ​ប្រព័ន្ឋតុលាការ។

លេខាធិការដ្ឋានចំនួនបី មានទីតាំងនៅសាលាខេត្តព្រះសីហនុ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ និងលេខាធិការដ្ឋានមួយទៀតមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកឡុង ឌីម៉ង់ ដែលជាមន្រ្តីជាន់ខ្ពស់ខេត្ត ទទួលបន្ទុកការដោះស្រាយវបញ្ហាជាប់គាំង នៅក្រុងព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៦ កក្កដាថា រហូតមកដល់ពេលនេះ មានសំណើរមួយចំនួនហើយ ប៉ុន្តែយើងនៅជជែកគ្នា អំពីទម្រង់នៃការធ្វើការ និងបែងចែកភារកិច្ចការងារនេះ។លោកបញ្ជាក់ថា “ក្រោយការបោះឆ្នោតបញ្ចប់នេះ យើងនឹងធ្វើការងារនេះ ហើយខ្ញុំខ្លួនឯងជាអ្នកទទួលបន្ទុកការងារនេះ នៅក្នុងខេត្តព្រះសីហនុ”។ លោកបន្តថា “អាគារជាប់គាំងនៅខេត្តព្រះសីហនុ មាន​ប្រហែល៤០០ ហើយយើងកំពុងស្ថិតនៅក្នុងដំណាក់កាល ធ្វើអត្តសញ្ញាណកម្ម ដើម្បីកំណត់ថាអាគារប្រភេទណា ដែលត្រូវចាត់ចូលអាគារជាប់គាំង និងត្រូវទទួលបានការដោះស្រាយ និងទទួលបានផលប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តរបស់រដ្ឋាភិបាល”។

ស្ថានភាពទីផ្សារអចលនទ្រព្យ នៅខេត្តព្រះសីហនុ និងបណ្តារាជធានី ខេត្តមានសក្តានុពល នៅតែមានបញ្ហានៅឡើយ ដោយសារវិបត្តិសាកល។

ទោះជាយ៉ាងណា អ្នកជំនាញបានមើលឃើញថា ទីផ្សារទិញលក់ខុនដូ ការជួលនៅខេត្តព្រះសីហនុ មានសញ្ញាងើបឡើងវិញខ្លះៗ ដោយសារលំហូរចូលរបស់អ្នកវិនិយោគចិន និងកំណើនភ្ញៀវទេសចរ ណ៍ជាតិ អន្តរជាតិ បន្ទាប់ពីផ្លូវល្បឿនលឿន បានសម្ភោធដាក់ឲ្យដំណើរការកាលពីដើមខែតុលាកន្លងមកនេះ។ នេះបើតាមការឲ្យដឹងពីលោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodia៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here