ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន China State Shipbuilding Corp (CSSC) ដែលជាក្រុមហ៊ុនសាងសង់ កប៉ាល់ធំជាងគេលើពិភពលោកបានឱ្យដឹងថា កប៉ាល់ទេសចរណ៍ដ៏ធំដំបូងគេ ដែលផលិតក្នុងប្រទេសចិន ឈ្មោះ Adora Magic City ទើបតែបានបញ្ចប់ការតេស្តសាកល្បង នៅសមុទ្រលើកដំបូងរបស់ខ្លួន ហើយបានត្រឡប់ទៅកំពង់ផែទីក្រុងសៀងហៃវិញហើយ។
CSSC បានបញ្ជាក់ឱ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅថា ក្នុងអំឡុងពេលសាកល្បង រយៈពេល៨ថ្ងៃ វិស្វករបានសាកល្បងមុខងារចំនួន៦០ ដោយផ្ទៀងផ្ទាត់ដំណើរការនៃប្រព័ន្ធរបស់កប៉ាល់ រួមទាំងថាមពល ការជំរុញ និងការគ្រប់គ្រង។
ប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ កប៉ាល់ទេសចរណ៍ ឬសណ្ឋាគារប្រណិតអណ្តែតទឹកនេះ នឹងត្រូវប្រគល់ជូនអ្នកប្រើប្រាស់របស់ខ្លួននៅចុងឆ្នាំ២០២៣នេះ។ នេះបើយោងតាមការឱ្យដឹងពីលោក Chen Gang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding។
ប្រទេសចិនបានខ្នះខ្នែង ក្នុងការសាងសង់កប៉ាល់ទេសចរណ៍ដ៏ធំរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែត្រូវបានរារាំងដោយសារបញ្ហាប្រឈមផ្នែកកង្វះជំនាញរចនា និងការសាងសង់។
ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ CSSC បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ សម្រាប់ការរចនា និងការសាងសង់នាវាកម្សាន្ត Vista-class ចំនួនពីរជាមួយក្រុមហ៊ុន Carnival Corp និងក្រុមហ៊ុន Fincantieri។
យោងតាមកិច្ចព្រមព្រៀងនេះ កប៉ាល់ជាច្រើនកំពុងត្រូវបានសាងសង់ឡើង ដើម្បីបំពេញតម្រូវការទីផ្សារចិន និងភ្ញៀវទេសចរចិន ប៉ុន្តែក្រុមហ៊ុនទាំង៣ ក៏មានជម្រើសក្នុងការសាងសង់ កប៉ាល់ចំនួន៤បន្ថែមទៀត ដែលមានប្រភេទដូចគ្នាផងដែរ៕