សៀមរាប៖ តំណាងក្រុមហ៊ុន TreeFul របស់ប្រទេសជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ មានបំណងចង់វិនិយោគសាងសង់ផ្ទះបន្តោងដើមឈើ (Tree house)នៅលើតំបន់ភ្នំគូលែន។
លោក Nabesshima Katsuhito តំណាងក្រុមហ៊ុន TreeFul បានឲ្យដឹងតាមរយ:អ្នកបកប្រែកាលពីពេលថ្មីៗនេះថា កាលពីដើមឆ្នាំ២០២៣នេះ លោក Satoru Kikugawa ដែលជាស្ថាបត្យករ និងជាស្ថាបនិកក្រុមហ៊ុន TreeFul បានមកកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគសាងសង់ជាផ្ទះបណ្តោងដើមឈើនេះ ។
លោកតំណាងក្រុមហ៊ុនបន្តថា បន្ទាប់ពីបានទស្សនានៅតំបន់ភ្នំគូលែន ក្រុមហ៊ុនបានចាប់អារម្មណ៍យ៉ាងខ្លាំងអំពីសក្តានុពលនៅលើខ្នងភ្នំប្រវត្តិសាស្ត្រមួយនេះ។
លោកថា “ផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ដែលអ្នកទេសចរជាច្រើន មានការចាប់អារម្មណ៍។ វានឹងជួយទាក់ទាញអ្នកទេសចរ ដែលមានគុណភាពឲ្យមកលេងកម្សាន្ត និងពន្យារពេលស្នាក់នៅកម្ពុជា បានច្រើនថ្ងៃ ជាពិសេសក្នុងខេត្តសៀមរាបផ្ទាល់”។
យោងតាមក្រុមហ៊ុន TreeFul បានឲ្យដឹងថា ផ្ទះបន្តោងនេះ ជាគំនិតច្នៃប្រឌិតមួយ ដែលផ្សារភ្ជាប់នឹងបរិស្ថាន និងជីវ:ចម្រុះ។ មិនតែប៉ុណ្ណោះផ្ទះបន្តោង មិនបានបំផ្លាញដើមឈើនោះទេ តែវាបានជួយការពារដើមឈើពីការកាប់បំផ្លាញពីសំណាក់ជនខិលខូចទៀតផង។ ដែលថាការពារដើមឈើ សូម្បីតែការសាងសង់ក៏គេបានគិតយ៉ាងល្អិតល្អន់ពីសុវត្ថិភាពរបស់ដើមឈើទាំងនោះដែរ ហើយផ្ទះបន្តោងត្រូវការបរិស្ថាន ដូចនេះគឺមិនមានការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលដើមឈើផងដែរ។
លោក Katsuhito បានលើកឡើងថា ផ្ទះបន្តោងនេះ វានឹងត្រូវរចនាឡើងដោយប្រណិតភាព វាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថានជាចាំបាច់។ លោកថា ជប៉ុន ជាប្រទេសដែលស្រលាញ់ និងការពារបរិស្ថានបានល្អបំផុត ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ៕