ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ កម្ពុជា និងថៃ បានចាប់ផ្តើមតភ្ជាប់ផ្លូវដែក រវាងប្រទេសទាំងពីរជាផ្លូវការ ដែលនឹងជួយសម្រួលដល់ការចរាចរណ៍ទំនិញ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចេញចូល កាន់តែងាយស្រួលជាងមុន។ជាមួយគ្នានេះ វាក៏នឹងក្លាយជាបណ្តាញដឹកជញ្ជូន ភស្តុភាកម្មដ៏សំខាន់ សម្រាប់តភ្ជាប់តំបន់អាស៊ាន និងចិនផងដែរ។
ភាគីទាំងពីរ នៅថ្ងៃទី ២៦ខែកក្កដា ឆ្នាំ ២០២៣ បានបើកសម្ពោធការតភ្ជាប់រថភ្លើងកម្ពុជា-ថៃ នៅស្ថានីយរថភ្លើងឆ្លងព្រំដែនភូមិខ្លងលឹក ខេត្តស្រះកែវ នៃប្រទេសថៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Royal Railway Public Limited របស់អ្នកឧកញ៉ា គិត ម៉េង និង មន្ត្រីពាក់ព័ន្ធភាគីថៃ ព្រមទាំងតំណាងក្រុមហ៊ុន Global Multimodal Logistics Co., Ltd. របស់ថៃជាច្រើនរូបផងដែរ។
លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Public Limited តំណាងអ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ការបើកសម្ពោធខ្សែរថភ្លើងកម្ពុជា-ថៃលើកនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនទំនិញ និងបណ្តាញដឹកជញ្ជូនភស្តុភាកម្មតភ្ជាប់តំបន់អាស៊ាន និងចិន ពីចំណុចចាប់ដើមទៅដល់គោលដៅ ជាមួយនឹងទម្រង់ជាច្រើន នៃការដឹកជញ្ជូនចម្រុះ ដែលអាចកាត់បន្ថយការចំណាយ ការដឹកជញ្ជូនសន្សំសំចៃថាមពល មិនប៉ះពាល់ដល់បរិស្ថាន និងការលើកកម្ពស់ធ្វើឱ្យប្រសើរឡើង នូវស្តង់ដារងាយស្រួលសម្រាប់ពាណិជ្ជកម្មពិភពលោក។
-->
លោកបានបន្តថា នេះជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន Global Multimodal Logistics Co., Ltd. (GML) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន PTT Public Company Limited ដែលប្រតិបត្តិការអាជីវកម្មសេវាកម្មចម្រុះ និងភស្តុភារកម្ម ជាមួយនឹងបេសកកម្មដើម្បីជំរុញទម្រង់ផ្សេងៗនៃសេវាកម្មដឹកជញ្ជូន ដោយប្រើប្រព័ន្ធផ្លូវដែករបស់ប្រទេសថៃជំនួសវិញ ដែលស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងភស្តុភារក្រោមយុទ្ធសាស្ត្រជាតិ២០ឆ្នាំ ដែលនឹងរួមកម្លាំងជា មួយរដ្ឋាភិបាល និងវិស័យឯកជនក្នុងប្រទេសថៃ និងកម្ពុជា។
ក្រុមហ៊ុន PTT និង GML រំពឹងថា រថភ្លើងបើកសម្ពោធលើផ្លូវកម្ពុជា-ថៃនេះ នឹងជាជម្រើសដឹកជញ្ជូនក្នុងប្រព័ន្ធភស្តុភារកម្ម ដែលមានប្រសិទ្ធភាព សម្រាប់ពាណិជ្ជកររវាងប្រទេសថៃ និងកម្ពុជា និងពង្រីកបន្ថែមទៀតនូវពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញ តាមរយៈប្រព័ន្ធផ្លូវដែករវាងប្រទេសថៃ និងកម្ពុជា និងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ ប្រទេសកម្ពុជា បាននិងកំពុងធ្វើទំនើបកម្មផ្លូវដែកក្នុងគោលបំណង ជំរុញការដឹកជញ្ជូនទាំងទំនិញ និងអ្នកធ្វើដំណើរតាមផ្លូវដែក ជាពិសេសគឺការតភ្ជាប់ ជាមួយប្រទេសជិតខាង និងព្រមទាំងការដោះដូរទំនិញឆ្លងដែន និងវិស័យទេសចរណ៍។
ម្យ៉ាងទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេស គ្រាដែលកម្ពុជាមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រទាក់ក្រឡាគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកមានតម្លៃថោកសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ខណៈដែលកម្ពុជា និងថៃ គ្រោងសម្រេចឲ្យបាន នូវទំហំពាណិជ្ជកម្ម១៥ពាន់លានដុល្លារនាឆ្នាំ ២០២៥។
ទាក់ទងនឹងការកំណត់តភ្ជាប់ផ្លូវដែករបស់កម្ពុជា គឺធ្វើឡើងបន្ទាប់ពីភាគីថៃ បានស្ថាបនារួចរាល់ ហើយផ្លូវដែកនេះបានចូលមកព្រំប្រទល់ខេត្តស្រះកែវ នៅទល់មុខក្រុងប៉ោយប៉ែត នៃប្រទេសកម្ពុជា បន្ទាប់ពីតភ្ជាប់រួច ទេសចរអាចធ្វើដំណើរពីសិង្ហបុរី ចូលម៉ាឡេស៊ី រួចចូលមកប្រទេសថៃ និងចូលមកកម្ពុជា៕



