ការលក់ផ្ទះថ្មីនៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសថៃដាំក្បាលចុះយ៉ាងគំហុកជាពិសេសការលក់ខុនដូ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅដ្ឋានថៃ បានសង្កេតឃើញការដាំក្បាលចុះយ៉ាងខ្លាំង រហូតដល់ទៅ២៩,១% នៃការលក់ផ្ទះថ្មីនៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ខណៈខុនដូគឺជាកត្តាចម្បងដែលរួមចំណែកដល់លទ្ធផលនេះ។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា ចំនួនលំនៅដ្ឋានទើបលក់ដាច់ថ្មី នៅទីក្រុងបាងកកក្នុងឆមាសទី១ មានចំនួន២១.២៩១យូនីត ដែលមានតម្លៃសរុប១០៥,៧ពាន់លានបាត។

តួលេខខាងលើនេះ តំណាងឱ្យការថយចុះចំនួន២៩,១% បើគិតជាបរិមាណ និងតំណាងឱ្យការថយចុះ២២%គិតជាតម្លៃ បើធៀបទៅនឹងត្រីមាសទីមួយនៃឆ្នាំ២០២២កន្លងទៅ។លោក​Vichai បានបន្ត​ទៀតថា​ “ទីផ្សារ​លំនៅដ្ឋាន​នៅ​ដើម​ឆ្នាំ​នេះ​បាន​ដាំក្បាលចុះ​យ៉ាង​ខ្លាំង ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ជា​ពិសេស​បរិមាណ​លក់​ខុន​ដូ​ មាន​ការ​ថយ​ចុះ​ខ្លាំងគួរ​ឱ្យ​កត់សម្គាល់​”។

នៅក្នុងឆមាសទីមួយ ចំនួនខុនដូដែលទើបនឹងលក់ដាច់បានដាំក្បាលចុះ៤៨,៩% ពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម៩.៧១០យូនីត ដែលមានតម្លៃសរុបចំនួន៣៦,៧ពាន់លានបាត ដែលថយចុះ៤៥,២ភាគរយបើគិតជាតម្លៃ ។

លោក Vichai បានអះអាងថា “ការដាំក្បាលចុះគួរឱ្យកត់សម្គាល់នេះ អាចបណ្តាលមកពីការហក់ឡើងខ្លាំង នៃការផ្គត់ផ្គង់ខុនដូថ្មី ដែលបានចាប់ផ្តើមឡើងនៅក្នុងត្រីមាសទី១នៃឆ្នាំមុន ជាពិសេ​សការផ្គត់ផ្គង់ផ្នែកនៃខុនដូតម្លៃទាប”។

លោក Vichai បានបន្ថែមថា ចំនួនខុនដូដែលទើបនឹងចេញលក់ថ្មី នៅក្នុងឆមាសទី១ គឺឈានជិតដល់កម្រិត ដែលបានកត់ត្រាទុកមុនការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ទោះបីជាការលក់នៅតែបន្តមានកម្រិតទាបយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here