ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ រាប់ចាប់តាំងពីដីធ្លី លំនៅដ្ឋាន ខុនដូបែបសហកម្មសិទ្ឋ បាននិងកំពុងមានបញ្ហាប្រឈមនៅឡើយ ប៉ុន្តៃមនុស្សជាច្រើនបានរំពឹងថា អ្វីៗនឹងប្រសើរឡើងក្រោយការបោះឆ្នោតបញ្ចប់។
សុទិដ្ឋិនិយមបាននិងកំពុងលេចឡើង ប៉ុន្តែនៅពេលយើងសម្លឹងឲ្យបានស៊ីជម្រៅបន្ថែមទៀត ទីផ្សារនេះនៅតែត្រូវការពេលវេលា និងមូលដ្ឋានគាំទ្រជាច្រើន ដើម្បីឲ្យវាងើបឡើងវិញ។
ការកើនឡើងនូវវិនិយោគិន
ការកើនឡើងនូវចំនួន អ្នកវិនិយោគឬវិនិយោគិន បានធ្វើឲ្យចរន្តទីផ្សារមិនពុះកញ្រ្ជោល ដូចមុនវិបត្តិឆ្នាំ២០០៨នោះឡើយ និងមិនដូចមុនវិបត្តិកូវីដ១៩ផងដែរ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង និងKS Residence បានមានប្រសាសន៍ថា ការវិនិយោគដីធ្លី ទទួលបានផលចំណេញតិចជាងមុន ដោយលោកប្រៀបប្រដូចបឹងមួយ មានត្រី១០០០ក្បាល មានអ្នកនេសាទតែ១០នាក់ ប៉ុន្តែបច្ចុប្បន្នចំនួនត្រីនៅដដែល តែចំនួនអ្នកចាប់ត្រីបានកើនឡើងដល់១០០ឬ២០០នាក់។
ការបំប៉ោងទីផ្សារ
ទាំងអ្នកអភិវឌ្ឍន៍ ភ្នាក់ងារអចលនវត្ថុ បានបំប៉ោងទីផ្សារ ដែលធ្វើឲ្យតម្លៃដីកើនឡើង មិនស្របតាមចរន្តនៃការអភិវឌ្ឍពិតប្រាកដ។ ឧទាហរណ៍ តំបន់ជាយរាជធានីភ្នំពេញ ឬតំបន់ឆ្ងាយៗ ពួកអ្នកវិនិយោគ បានលើកឡើងនូវគំរោងខ្យល់មួយចំនួន ដែលធ្វើឲ្យដីឡើងថ្លៃ ដែលសកម្មភាពនេះ ត្រូវបានអ្នកជំនាញហៅថា ”ការឆារដី” ហេតុនេះ អ្នកទិញដីទុកចំណេញគួរមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានភាពជាប់គាំងលំហូរសាច់ប្រាក់។
សកម្មភាពឆារដីនេះ បានកើតមានច្រើនមុនវិបត្តិឆ្នាំ២០០៨ ដែលវិនិយោគគិតតូចៗ ទិញដីយកចំណេញបានប្រឈមហានិភ័យនៃភាពជាប់គាំង។
ការវិនិយោគពីរដ្ឋាភិបាល
គំរោងវិនិយោគរបស់រដ្ឋាភិបាល មានគោលដៅដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលវាជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រទេសជាតិ។
គម្រោងវិនិយោគរបស់រដ្ឋាភិបាល ឬវិស័យឯកជនក៏បានធ្វើឲ្យតម្លៃដីធ្លីកើនឡើងផងដែរ ប៉ុន្តែលុបចោលឬពន្យាពេលគំរោងណាមួយ ពិតជាគ្រោះថ្នាក់ដល់អ្នកវិនិយោគដី ដូចជា គំរោងវិនិយោគព្រលានយន្តហោះខេត្តមណ្ឌលគិរី ប៉ោយប៉ែត និងគំរោងមួយចំនួនទៀតត្រូវបានពន្យាពេល គឺបានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគជាច្រើន។
ហេតុនេះ ការសម្រេចចិត្តត្រូវតែឈរលើមូលដ្ឋាន ឲ្យច្បាស់លាស់ និងតាមដានព៌តមានឲ្យបានម៉ត់ចត់ ជាជាងសម្រេចចិត្តលឿន។
ការប្រកាសគំរោង
ជាទូទៅ ក្រុមមន្រ្តីរដ្ឋាភិបាល តែងតែដឹងពីផែនការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល មុនប្រជាពលរដ្ឋឬអ្នកវិនិយោគធម្មតា ហេតុនេះពួកគេតែងតែប្រមូលដីទុក ហើយលក់នៅពេលគំរោងត្រូវបានប្រកាសជាផ្លូវការ។
នៅពេលគំរោងប្រកាសផ្លូវការ មានន័យថា ក្រុមមន្រ្តីទាំងនោះបានទិញដីទាំងនោះទុករួចទៅហើយ និងបានលក់យកផលចំណេញនៅពេលគំរោងត្រូវបានប្រកាសឡើងជាផ្លូវការ។
ហេតុនេះ អ្នកវិនិយោគយកផលចំណេញពីដីធ្លី ក៏គួរមានការប្រុងប្រយយ័ត្នផងដែរ ដោយសារដីធ្លីនៅតំបន់ ដែលរដ្ឋាភិបាលប្រកាសគំរោងនានា បានកើនឡើងដល់កម្រិតខ្ពស់រួចទៅហើយ ដែលធ្វើឲ្យអ្នកវិនិយោគដីរកផលចំណេញ ពិបាកនឹងចំណេញ ហើយគាំងសាច់ប្រាក់ផងដែរ។
ជាក់ស្តែងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ជុំវិញព្រលាន្តយន្តហោះ តេជោ ដីនៅតំបន់ជុំវិញនោះបានគាំង និងមិនទទួលបានផលចំណេញច្រើននោះឡើយ ដោយសារសេដ្ឋកិច្ច លំហូរប្រជាសាស្រ្ត និងតម្លៃដីធ្លី គឺខ្ពស់ជាងសេដ្ឋកិច្ចនៅមូលដ្ឋានរួចទៅហើយ៕