វិភាគៈ ប្រសិនបើអ្នកធុរកិច្ចចិនមិនត្រលប់មកកម្ពុជា តើគួរធ្វើបែបណា?

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

        ភ្នំពេញៈ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន វិបត្តិភូមិសាស្រ្តនយោបាយ ឬសង្រ្គាមត្រជាក់ បាននិងកំពុងក្លាយជាចំណោទសេដ្ឋកិច្ច នៅគ្រប់បណ្តាប្រទេសនានានៅលើសកលលោក។

ងាកមកមើកម្ពុជាវិញ វិបត្តិសេដ្ឋកិច្ច​មិនបានកើតឡើងឡើយ បំណុលអន្តរជាតិ ធៀបនឹងផលទុនជាតិសរុប ក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែអាជីវកម្មជាច្រើន ពិសេសអាជីវកម្មអចលនវត្ថុបាននិងកំពុងមានដំណើរទៅមុខយឺតៗ ដែលមានក្រុមហ៊ុនមួយចំនួនបានបិទទ្វារ និងរងការក្ស័យទុនផងដែរ។

ទីផ្សារពឹងផ្អែកលើអ្នកធុរកិច្ចចិន
ទីផ្សារអចលនវត្ថុនៅប្រទេសកម្ពុជា បានពឹងផ្អែកយ៉ាងខ្លាំងលើអ្នកវិនិយោគចិន កូរ៉េ ជប៉ុន សឹង្ហបុរី និងប្រទេសថៃជាដើម ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៥មក អ្នកធុរកិច្ចចិន បាននាំមុខប្រទេសកូរ៉េក្នុងការបោះទុនវិនិយោគច្រើនជាងគេ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលធ្វើឲ្យមុខមាត់ទីក្រុងនេះ បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង។

ប៉ុន្តែវិបត្តិអចលនវត្ថុនៅប្រទេសចិន គោលនយោបាយគាំពារនិយមរបស់ចិន ដោយមិនឲ្យអ្នកវិនិយោគ ក្នុងស្រុកបោះទុនច្រើននៅទីផ្សារបរទេស ក៏ដូចជា ការបង្កើតគោលនយោបាយ ដើម្បីសង្គមចិន មានភាពសុខដុម បានធ្វើឲ្យវិបត្តិសេដ្ឋកិច្ចចិន។

វិបត្តិអចលនទ្រព្យផ្ទៃក្នុងរបស់ចិន បានធ្វើឲ្យលំហូរវិនិយោគិនចិន មកកាន់បណ្តាប្រទេសនានាថមថយល្បឿន ប៉ុន្តែមិនមែនប្រទេ​សទាំងអស់សុទ្ឋតែ មិនទទួលបានការវិនិយោគ ពីប្រទេសចិននោះទេ ជាក់ស្តែងប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅតែទទួ​លបានការវិនិយោគ ពីអ្នកធុរកិច្ចពីប្រទេសចិនផងដែរ។កម្ពុជាបានឈរលើទីតាំងមួយអាទិភាព ប្រសិនជាធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែកម្ពុជាមានសក្តានុពលនៅមានកំរិតនៅឡើយ បើធផៀបជាមួយប្រទេសក្នុងតំបន់ លើមូលដ្ឋានទំហំសេដ្ឋកិច្ច ចំនួនប្រជាពលរដ្ឋ ច្បាប់បទដ្ឋានគតិយុត្តិ និងការិយាធិបតេយ្យនៅតែជាបញ្ហាប្រឈមនៅឡើយ។

ការយល់ច្រឡំមួយចំនួន

        អ្នកជំនាញកម្ពុជាបានមួយចំនួនបានយល់ច្រឡំថា កម្ពុជាមានសក្តានុពលខ្ពស់ ដោយសារកម្ពុជាមិនមែនជាកម្ពុជាម្នាក់ឯងទៀតទេ គឺកម្ពុជា ជាសមាជិកសហគមន៍សេដ្ឋកិច្ច សង្គមអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណ៦៥០លាននាក់។

ប៉ុន្តែចំណុចសំខាន់នៅត្រង់ថា បើសិនជាអ្នកមានទុនវិនិយោគ១០០លានដុល្លារ ដើម្បីផលិតទឹកដោះគោ នៅប្រទេសមួយដែលមានប្រជាពលរដ្ឋចំនួន១០០លាននាក់ និងប្រទេសមួយទៀតមានប្រជាពលរដ្ឋតែ១៧លាននាក់ តើពួកគេនឹងទៅវិនិយោគនៅប្រទេសណា? ច្បាស់លាស់ណាស់អ្នកវិនិយោគឆ្លាតវៃ នឹងជ្រើសរើសវិនិយោ គនៅប្រទេស ដែលមានប្រជាពលរដ្ឋ១០០លាននាក់ មានទំហំសេដ្ឋកិច្ចធំ អំណាចនៃការទិញខ្ពស់ និងសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសតូចមិនខាន។  ប្រសិនជាអ្នកធុរកិច្ច មានទុនវិនិយោគ១០០លានដុល្លារ សាងសង់ខុនដូលក់នៅប្រទេសមួយ ដែលមានប្រជាពលរដ្ឋចំនួន១០០លាននាក់ មានអំណាចនៃការទិញខ្ពស់ និងប្រទេសមួយដែលមានប្រជាជនត្រឹម១៧លាននាក់ តើពួកគេនឹងជ្រើសរើសយកប្រទេសណា? ប៉ុន្តែអ្វីៗក៏អាចទៅរួចដែរ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ច ប្រព័ន្ឋនៃការអនុវត្តច្បាប់ សេដ្ឋកិច្ច ស្ថេរភាពនយោបាយ ទំនាក់ទំនងជិតស្និទ្ឋរវាងរដ្ឋាភិបាលប្រទេសទាំងពីរជាដើម។

ជាក់ស្តែងប្រទេសសឹង្ហបុរី ដែលមានមនុស្សត្រឹមជាង៥លាននាក់ ពួកគេទាក់ទាញការវិនិយោគច្រើនពីអន្តរជាតិ។ សម្រាប់ប្រទេសនេះ យើងត្រូវមើលលើទិដ្ឋភាពមួយចំនួន ទី១ ស្ថេ​រភាពនយោបាយ ទី២ ការអនុវត្តន៍ច្បាប់បានល្អប្រសើរ ទី៣ ប្រព័ន្ឋសុខមាលភាពសង្គមមានភាពប្រសើរ ជាប្រទេសដែលពិភពលោកទទួល​ស្គាល់ថា មានភាពស៊ីវិល័យ ធៀបនឹងបណ្តាប្រទេសទាំងអស់នៅអាស៊ី និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក។

តើវិស័យអចលនវត្ថុកម្ពុជា នឹងវិវត្តន៍បែបណាប្រសិនជាគ្មានអ្នកធុរកិច្ចចិនមកកម្ពុជា?

        ផ្អែកលើសូចនាករសំខាន់ៗជាច្រើន បាននិងកំពុងបង្ហាញថា អ្នកវិនិយោគចិនមានភាពស្ទាក់ស្ទើរ ក្នុងការមកវិនិយោគនៅប្រទេសនេះ លើទីផ្សារអចលនវត្ថុ ដោយសារកត្តាខាងក្នុងនិងខាងក្រៅមួយចំនួន។

កត្តាខាងក្នុង

        កត្តាលើកឡើងខាងលើ ជាបញ្ហាឬចំណោទមួយ ដែលបាននិងកំពុងធ្វើឲ្យគំរោងធំៗជាច្រើន បាននិងកំពុងជាប់គាំង ឬដំណើរការទៅមុខយឺតៗ ដូចជា គំរោងThe Mesong នាទីក្រុងកោះពេជ្រ គំរោងSUNWAG នៅជាប់នឹងសណ្ឋាគារ និងកាស៊ីណូNaga1បានពន្យាពេលសាងសង់ គំរោងសណ្ឋាគារ និងកាស៊ីណូណាហ្កា៣ បានពន្យាពេលបញ្ចប់ការសាងសង់រហូតដល់ឆ្នាំ២០២៩ និងគំរោងជាច្រើនទៀត បានពន្យាពេលចាប់ផ្តើមបើកការដ្ឋាន និងគំរោងខ្លះសាងសង់យឺតៗផងដែរ។

កត្តាខាងក្រៅ  

        វិបត្តិកូវីដ១៩ បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ជួបកលយុគរួចទៅហើយ ប៉ុន្តែសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនផ្ទះឡើង និងភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ ព្រមទាំងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចចិន ដែលបណ្តាលមកពីវិបត្តិអចលនទ្រព្យ និងការហូរចេញរបស់ក្រុមហ៊ុន​បរទេស បានធ្វើឲ្យពិភពលោកជួបកលយុគកាន់តែខ្លាំង។

ហេតុនេះ ការរំពឹងការហូរចូលរបស់អ្នកវិនិយោគចិន គឺត្រូវការពេលវេលា និងកំលាំងជម្រុញបន្ថែមទៀត ទាំងទិដ្ឋភាពនយោបាយ ក៏ដូចជា សេដ្ឋកិច្ចចិន។

បើទោះជាកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ កំនើន​សេដ្ឋកិច្ចកើនឡើងវិញបណ្តើរៗក្តី ប៉ុន្តែមូលដ្ឋាននៃការវិលត្រលប់របស់ចិន ត្រូវវិភាគទៅលើអំណាចនៃការទិញ អំណាចសេដ្ឋកិច្ច និងផលចំណូលរបស់របស់មនុស្សម្នាក់ៗ។

ការអន្តរាគមន៍ពីរដ្ឋាភិបាលគួរធ្វើឡើង

ការមានសេដ្ឋកិច្ចដែលមានលំនឹង ជារឿងគួរឲ្យអបអរសាទរមួយ ប៉ុន្តែការអន្តរាគមន៍ពីរដ្ឋាភិបាល បន្ថែមទៀតជារឿងចាំបាច់ដែ​ល​អ្នកវិនិយោគក្នុងស្រុក បានស្នើរដ្ឋាភិបាលគួរពិចារណា។

ក្រុមអ្នកជំនាញបានជម្រុញឲ្យរដ្ឋាភិបាល ទំលាក់កញ្ចប់ឥណទានពិសេស និងគោល​នយោបាយជាច្រើនទៀត ដើម្បីស្រោចស្រង់​វិស័យនេះ ដែលគោលនយោបាយទាំងនោះរួមមាន ការផ្តល់សញ្ជាតិដល់អ្នកវិនិយោគ ក្នុងទំហំទឹកប្រាក់ប៉ុណ្ណា និងក្នុងចំនួនជាក់លាក់ ទី២ ការអនុញ្ញាត្តឲ្យជនបរទេសទិញដីបាននៅកម្ពុជា ទី៣ ការលើកទឹកចិត្តបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលរដ្ឋាភិបាលគួរវិនិយោគឡើង ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគ ដែលរដ្ឋាភិបាលគួរមានគោលនយោបាយមិនយកថ្លៃទឹក និងអគ្គិសនីនៅតំបន់នោះ។

​       ទី៤ រដ្ឋាភិបាលគួរមានយន្តការលើកទឹកចិត្ត ឲ្យអនិកជនខ្មែររស់នៅក្រៅប្រទេសចូលមកវិនិយោគក្នុងងស្រុកឲ្យបានច្រើន ទី៥ រដ្ឋាភិបាលគួរផ្តល់ប័ណ្ណស្នាក់នៅរយៈពេលវែង ដល់ជនបរទេសណាដែលបានទិញខុនដូ ក្នុងទំហំចាប់ពី២០ ទៅ៣០ម៉ឺនដុល្លារអាមេរិកឡើងទៅជាដើម។

រាជរដ្ឋាភិបាលថ្មី              

        រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោកបណ្ឌិតហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ សីហាខាងមុខនេះ ជារដ្ឋាភិបាលមួយ ដឹកនាំដោយឈាមថ្មី ដែលបទពិសោធន៍នៅមានកម្រិតនៅឡើយ។ ហេតុនេះទាំងអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពូងរង់ចាំមើល ហេតុនេះ ទំនុកចិត្តពិតជាមានសារៈសំខាន់ណាស់ ដើម្បីជនបរទេស វិលត្រលប់មកកាន់កម្ពុជាជាថ្មី។

ការកំណត់នូវគោលនយោបាយថ្មីៗ ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិបន្តទៀត គួរធ្វើឡើងជាអាទិភាពមុនគេ ដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ចជាតិ ពិសេសជម្រុញការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាកំលាំងចលករដ៏សំខាន់មួយ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here