ដោយៈ ហ្វីអូណា
ភ្នំពេញៈ អាជីវកម្មជាងចំនួន២៧,៥១១ក្រុមហ៊ុន ដែលមានតម្លៃទុនវិនិយោគ៨,០៩លានដុល្លារ ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងដំណាក់កាលទី១ នៃប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មអនឡាញ។ប្រព័ន្ឋចុះបញ្ជីរ ដែលគេស្គាល់ថាជា “Single Portal” ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមខែកក្កដាឆ្នាំនេះ។
ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺក្រុមហ៊ុនដែលបានវិនិយោគក្នុងវិស័យសំណង់បាននាំមុខគេ ដោយមានទុនប្រហែល១000 លានដុល្លារ បន្ទាប់មកអចលនទ្រព្យមានចំនួន៩២១លានដុល្លារ។
របាយការណ៍បានបង្ហាញថា វិស័យផ្សេងទៀត គឺទីប្រឹក្សាគ្រប់គ្រង ការផលិត សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងជាដើម។ ក្នុងនោះអាជីវកម្ម ដែលគ្រប់គ្រងដោយម្ចាស់អាជីវកម្មជាបុរស មានចំនួន ៦២ ភាគរយ នៃអាជីវកម្មដែលបានចុះបញ្ជីសរុប។អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ប្រព័ន្ឋនេះ បានជួយដំណើរការបើកអាជីវកម្ម និងកាត់បន្ថយតម្លៃសម្រាប់ម្ចាស់អាជីវកម្ម និងវិនិយោគិន។លោកបញ្ជាក់ថា “ការចុះបញ្ជីអាជីវកម្ម តាមរយៈអនឡាញចូលរួមចំណែក ក្នុងការកាត់បន្ថយពេលវេលា និងប្រាក់ និងការចំណាយផ្សេងៗទៀតផងដែរ”។លោកបន្ថែមថា “វាគឺជាជំហានមួយទៀតរបស់រដ្ឋាភិបាល ក្នុងការជួយឲ្យអាជីវកម្មលូតលាស់នៅកម្ពុជា”។ការបើកប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងជំហានទី១ បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ ។ ចំណែកជំហានទី២ បានអនុវត្តនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ប្រព័ន្ធនេះ បានពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញរួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕