ដោយៈ តែម សុខុម
បាងកក: ការពង្រីកអាកាសយានដ្ឋានអន្តរជាតិ Krabi របស់ថៃ ដើម្បីបង្កើនសមត្ថភាពទទួល អ្នកដំណើរបានរហូតដល់៨លាននាក់ក្នុងមួយឆ្នាំៗត្រូវបានរំពឹងថា នឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២៤ ហើយបើកដំណើរការនៅក្នុងឆ្នាំ២០២៥។
គម្រោងនេះ រួមមាន ការសាងសង់ស្ថានីយអ្នកដំណើរទី៣ និងការជួសជុលកែលម្អស្ថានីយ៍ ដែលមានស្រាប់ចំនួន២ និងអគារចំណតរថយន្តផងដែរ ក្នុងទំហំចំណាយប្រមាណ៨៦លានដុល្លារអាមេរិក។
-->
នាយកដ្ឋានអាកាសយានដ្ឋាននៃប្រទេសថៃ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី៣១ កក្កដា ថា ពេលនេះ ការងារពង្រីកអាកាសយានដ្ឋាននេះ សម្រេចបាន៨៧,៥២%ហើយ ខណៈការស្ថាបនាផ្លូវតាក់ស៊ីរត់ និងការជួសជុលកែលម្អប្រព័ន្ធអគ្គិសនី អាកាសយានដ្ឋានសម្រេចបាន៥៨,២០%។
តាមការរំពឹងទុក គម្រោងទាំងមូលនេះ នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៤ ហើយបើកដំណើរការនៅក្នុងឆ្នាំ២០២៥។
បន្ទាប់ពីការពង្រីកនេះបញ្ចប់ជាស្ថាពរ ស្ថានីយអ្នកដំណើរទាំង៣នៃអាកាសយានដ្ឋានខាងលើនេះ នឹងត្រូវតភ្ជាប់គ្នា និងបង្កើតសមត្ថភាព ទទួលអ្នកដំណើរពី១.៥០០នាក់ក្នុងមួយម៉ោង ឬ៤លាននាក់ក្នុងមួយម៉ោង ឈានដល់៣.០០០នាក់ក្នុងមួយម៉ោង ឬ៨លាននាក់ក្នុងមួយឆ្នាំ ខណៈអគារចំណតរថយន្ត អាចទទួលរថយន្តបានរហូតដល់២.០០០គ្រឿង៕ Bangkok Post៕