ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយសុខភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។
របាយការណ៍បានបន្តថា ប្រាក់កម្ចីឆ្នើម (Outstanding loans) បានហក់ឡើង១៣,៨ភាគរយដល់៥៨,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង៦,៤ភាគរយដល់៤៤,៤ពាន់លានដុល្លារ។
របាយការណ៍បានបញ្ជាក់ទៀតថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានកើនឡើងដល់៨២,២ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ពោលគឺកើនឡើង៩,៩ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២២។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តសាធារណៈចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់កម្ពុជា៕